ក្រសួងអប់រំយុវជន និងកីឡា គ្រោងនឹងពង្រីកថ្នាក់រៀនអក្ខរកម្មបន្ថែម តាមរោងចក្រនៅ ទូទាំងប្រទេសនាឆ្នាំ ២០២០ខាងមុខនេះ ដើម្បីចូលរួមលុបបំបាត់ អនក្ខរភាព ក្នុងចំណោមកម្មករ កម្មការិនីតាមគោលដៅនៅឆ្នាំ ២០៣០ខាងមុខនេះ។
លោក គួច គូលំអ ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធនៃក្រសួងអប់រំ យុវជននិងកីឡាបានមានប្រសាសន៍ថា មុននឹងឈានទៅបង្កើតថ្នាក់អក្ខរកម្ម នៅតាមរោងចក្រនេះគឺ ក្រសួងអប់រំយុវជន និងកីឡារួមជាមួយ អង្គការពាក់ព័ន្ធ ជាអ្នកជួយបណ្តុះបណ្តាលដល់ គ្រូបង្គោលស្ម័គ្រចិត្តមកពី ផ្នែករដ្ឋបាលរោងចក្រ។
លោកបានបន្តថា នេះគឺជាការអនុវត្តផ្ទាល់ នៃការបង្រៀនដែលធ្វើឡើងនៅការិយាល័យរដ្ឋបាល បន្ទប់ប្រជុំ នឹងបណ្ណាល័យ ធ្វើជាកន្លែងបង្រៀនដល់កម្មករ ហើយដោយយកម៉ោងទំនេរពីម៉ោងការងារ ១ម៉ោងឬ ៤៥នាទី ដូចជាម៉ោង ៤ ដល់ម៉ោង ៥ល្ងាច ទៅតាមរោងចក្រនីមួយៗ ដែលកម្មវិធីនេះបង្រៀន រយៈពេល ៤ខែ។
លោកបានលើកឡើងថា មុខវិជ្ជាដែលត្រូវបង្រៀនមានភាសាខ្មែរ ដែលមានបង្រៀនអក្សរ រួមបញ្ចូលមេរៀន អំពើហិង្សាក្នុងគ្រួសារ សុវត្ថិភាពការងារ សុខភាព ចរាចរណ៍ គ្រួសារគំរូ និងគណិតវិទ្យាដែលបង្រៀន ពីលេខបូក ដក គុណ និងចែកដើម្បីឱ្យកម្មករ ចេះអាន សរសេរ និងចេះគិតលេខ។
កម្មវិធីអក្ខរកម្មតាមរោងចក្រនេះអង្គការយូណេស្កូ ជាអ្នកជួយទាំងថវិកា និងបច្ចេកទេស ព្រមទាំងជួយបណ្តុះបណ្តាលដល់គ្រូបង្គោល ហើយរដ្ឋាភិបាលជា អ្នកឧបត្ថម្ភថវិកាជូនដល់ពួកគាត់។
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៦ ដល់បច្ចុប្បន្ននេះ មានកម្មករ និយោជិត ៤០០នាក់ ស្មើនឹង ៤០រោងចក្រ ហើយបានចូលរៀនថ្នាក់អក្ខរកម្មនេះ ចំណែកនៅឆ្នាំ ២០១៨នេះ គ្រោងពង្រីកបន្ថែមជាង ៦០០នាក់ទៀតនៅរាជធានី ខេត្តចំនួន ១២ នឹងបន្ដពង្រីកទូទាំងប្រទេសនៅឆ្នាំ ២០២០ខាងមុខ៕
មតិយោបល់