ប្រទេសចិន បានសម្រេចតម្លើងកូតា នាំចូលអង្ករពីកម្ពុជា ពី ២សែន ទៅ ៣សែនតោន នៅឆ្នាំក្រោយ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
នៅឆ្នាំ ២០១៨ខាងមុខនេះ កម្ពុជា នឹងអាចនាំអង្ករចេញទៅប្រទេសចិន ចំនួន ៣សែនតោន ដែលពីមុនកំណត់ត្រឹមតែ ២សែនតោនប៉ុណ្ណោះ ហើយលោក Xi Jinping ក៏បានរំពឹងដែរថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី អាចឈានដល់ ៦ពាន់លានដុល្លារអាមេរិក ត្រឹមឆ្នាំ ២០២០។
សម្តេចតេជោ ក៏បានណែនាំឲ្យ បណ្តាវិនិយោគិនក្នុងវិស័យស្រូវអង្ករទាំងអស់ ត្រូវតែនាំចេញអង្ករសុទ្ធល្អ ទៅប្រទេសចិន កុំនាំចេញអង្ករខូចគុណភាព ដើម្បីកុំឲ្យខូចពូជខ្មែរ កុំរកស៊ីលក់ផ្លូវឲ្យសោះ។
ប្រទេសចិន មានផ្ទៃដីកសិកម្មតូច នឹងមានប្រជាពលរដ្ឋច្រើន តែមិនមែនជាប្រទេសខ្វះអង្ករនោះទេ តែចិនយោគយល់ជួយទិញអង្ករកម្ពុជា ដែលកើនឡើងការបញ្ជាទិញពី ២សែនតោន ដល់ ៣សែនតោននៅឆ្នាំក្រោយនេះ។
គួររម្លឹកដែរថា កាលពីឆ្នាំ ២០១៦ កម្ពុជា នាំអង្ករចេញជាង ៥.៤សែនតោន ទៅកាន់ ៦៥ប្រទេសទូទាំងពិភពលោក៕
មតិយោបល់