ព័ត៌មានបច្ចេកវិទ្យា

សូមប្រយត្ន! មេរោគថ្មីមួយអាចធ្វើឱ្យប្រព័ន្ធ iOS និង macOS គាំង ជាមួយសារ SMS មួយ

សូមប្រយត្ន កុំចុចប៉ះលើតំណភ្ជាប់ណាចម្លែកៗ!

លោក Abramham Masri ម្ចាស់គណនី Twitter ម្នាក់ បានចែកបន្តនូវតំណភ្ជាប់មេរោគប្រភេទ Malicious មួយទៅកាន់សាធារណជន ដែលវាអាចបំផ្លាញ់ប្រព័ន្ធដំណើរការ iOS និង macOS បាន នៅពេលបានជ្រាបចូលទៅកម្មវិធី Messages របស់ Apple។

តាមការអះអាងរបស់ Masri នៅពេលដែលតំណភ្ជាប់ក្នុងសារនោះត្រូវបានចុចពីលើ កម្មវិធី Messages លោកអ្នកលើប្រព័ន្ធ iOS និងកុំព្យូទ័រ Mac នឹងគាំងដំណើរការ ហើយឧបករណ៍នោះទៀតសោទ នឹងដំណើរការខុសប្រក្រតី ដូចជាលោតចូលទៅកាន់ផ្ទាំង Lock Screen ជាដើម។

ធ្ងន់ធ្ងរជាងនេះ ទិន្នន័យក្នុងទូរសព្ទ ឬកុំព្យូទ័រអាចនឹងត្រូវបានគេលួចយក ឬត្រូវពួក Hacker ចូលទៅកាន់កាប់ឯកសារខាងក្នុងបានដោយសម្ងាត់ថែមទៀត​ផង។

គួររំឭកថា ក្នុងឆ្នាំ ២០១៣​ ទូរសព្ទ iPhone និងកុំព្យូទ័រ Mac ធ្លាប់បានជាប់គាំងដោយសារតួអក្សរអារ៉ាប់សាមញ្ញាមួយជួរ ហើយក្នុងឆ្នាំ ២០១៥ ទូរសព្ទ iPhone ធ្លាប់រងនូវការវាយប្រហារពីមេរោគមួយដែលអាចឱ្យគេបញ្ជាទូរសព្ទឱ្យបិទ/បើក ឬ Reboot ពីចម្ងាយបាន។

ទាក់ទងនឹងបញ្ហានេះ ក្រុមហ៊ុន Apple អាចនឹងដាក់ចេញនូវកំណែប្រព័ន្ធ iOS ថ្មី នាពេលឆាប់ៗខាងមុខជាមិនខាន ដើម្បីដោះស្រាយ និងលុបបំបាត់ចន្លោះប្រហោងដែលនាំឱ្យពួក Hacker អាចបញ្ជ្រៀបតំណភ្ជាប់មេរោគចូលក្នុងប្រព័ន្ធកម្មវិធីរបស់ខ្លួន៕

ប្រភពព័ត៌មានៈ 9to5mac

មតិយោបល់