ព័ត៌មានសេដ្ឋកិច្ច

រោងចក្រកែច្នៃផ្លែឈើស្រស់នៅខេត្តកំពង់ស្ពឺ គ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០១៨

ក្រុមហ៊ុនម៉ៅលីហ្គាស៊ី និងក្រុមហ៊ុន Hyundai កំពុង​សាង​សង់​រោងចក្រផលិតកែច្នៃផ្លែឈើស្រស់ ស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើផ្ទៃដីចំនួន ៣ហិកតា ដែលនឹង​ត្រូវបញ្ចប់​នៅខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ​។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ។

លោក ម៉ៅ គន្ធពិសី តំណាង​ក្រុមហ៊ុន​​ម៉ៅលីហ្គាស៊ី បានឲ្យដឹងថា នៅដំណាក់កាលដំបូង ក្រុមហ៊ុនទាំងពីរ នឹងបោះទុន​នូវប្រាក់ចំនួន ១០លានដុល្លារអាមេរិក ក្នុងការបង្កើតរោងចក្រ​កែច្នៃផ្លែឈើស្រស់​ក្នុងគោលបំណង​នាំចេញផ្លែឈើ ១៧០០តោន ក្នុង១ឆ្នាំ។

ដំបូងគឺផ្តោតលើការ​នាំចេញផ្លែឈើ​ស្រស់ គឺចាប់ផ្តើមពីផ្លែស្វាយ បន្ទាប់មក​ពង្រីក​ដល់ផ្លែដូង ផ្លែធុរេន ផ្លែមង្ឃុត។ល។

រីឯគម្រោងទី ២ នៅក្នុងការវិនិយោគនេះ ក៏នឹងគ្រោង​វិនិយោគ ១០លានដុល្លារអាមេរិកផងដែរ ដោយផ្តោតលើ​ប្រព័ន្ធសម្ងួត និងក្លាស្សេសម្រាប់​រោងចក្រ​កែច្នៃ​អាហារ ដូចជាតំណាប់ផ្លែឈើកំប៉ុង ហើយគ្រោងនឹងចាប់ផ្តើមបន្ទាប់ពី​គម្រោងទី ១ ធ្វើរួចរាល់។

លោក​បានបញ្ជាក់ថា ទីផ្សាររបស់កូរ៉េមិនមែន​គ្រាន់តែប្រទេសកូរ៉េនោះទេ ក្រុមហ៊ុន Hyundai មានសាខា ៤៤ទូទាំងពិភពលោក ដែលជាបណ្តាញដ៏រឹងមាំ​សម្រាប់ការនាំចេញ​អាហារមានគុណភាព​ខ្ពស់របស់កម្ពុជា។

ប្រតិបត្តិការឆ្នាំដំបូង ផ្លែឈើ ១៧០០តោន ត្រូវបានកំណត់​ទិសដៅទៅលើទីផ្សារកូរ៉េ និងស្ថិតក្នុងផែនការ​កើនឡើង​ដល់ផ្លែឈើ ៥០០០០តោន នាំចេញទៅទីផ្សារអន្តរជាតិ៕

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន Hyundai បាននឹងកំពុងដាំដុះដំណាំស្វាយ លើផ្ទៃដីចំនួន ៤០០ហិកតា និងក្រុមហ៊ុន​ម៉ៅលីហ្គាស៊ី (Legacy) បានដាំដុះដំណាំ​ស្វាយលើផ្ទៃដី ចំនួន ២០០០ហិកតា នៅក្នុង​ខេត្តកំពង់ស្ពឺ៕

គួររម្លឹកដែរថា ក្រុមហ៊ុន Mao Legacy គ្រោងនឹងនាំចេញផ្លែស្វាយប្រមាណ ៧ពាន់តោន ដល់ ១ម៉ឺនតោន នៅចុងឆ្នាំ ២០១៧នេះ ទៅកាន់ទីផ្សារកូរ៉េ និងទីផ្សារពិភពលោក៕

មតិយោបល់