ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា បង្ហាញសក្តានុពលវិស័យផលិតកាបូបនៅកម្ពុជា ខណៈរោងចក្រចំនួន ១៥ កំពុងផ្គត់ផ្គង់

ភ្នំពេញ: វិស័យផលិតកាបូបដាក់សម្ភារ:ធ្វើដំណើរ នៅកម្ពុជា មានសក្តានុពលខ្ពស់ សម្រាប់ការវិនិយោគ ដោយសារបច្ចុប្បន្ននៅកម្ពុជា មានតែរោងចក្រផលិតកាបូបចំនួន ១៥ ប៉ុណ្ណោះកំពុងដំណើរការ ហើយមានការលើកលែងពន្ធពិសេស ចំពោះទំនិញកាបូបដាក់សម្ភារ:ធ្វើដំណើរផលិតនៅកម្ពុជា ដែលផ្តល់ជូនដោយរដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការលើកឡើងរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងបឋកថា នៅទីក្រុងហុងកុង កាលពីថ្ងៃទី ១៩ ខែកញ្ញា ម្សិលមិញនេះ។

លោក ប៉ាន សូរស័ក្តិ បានបន្តថា កម្ពុជា គឺជាប្រទេសទី ៦ ក្នុងពិភពលោក ដែលផលិតកាបូបសម្រាប់នាំចេញ ហើយកាលពីឆ្នាំ ២០១៥ កន្លងទៅ ការនាំចេញផលិតផលកាបូបរបស់កម្ពុជា មានតម្លៃ ៥០លានដុល្លារអាមេរិក។

លោកបន្ថែមថា វាជាឱកាសល្អបំផុត សម្រាប់វិនិយោគិនហុងកុង ដែលមានបំណងវិនិយោគនៅក្នុងវិស័យនេះ ព្រោះបច្ចុប្បន្ន មានរោងចក្រតែ ១៥ ប៉ុណ្ណោះកំពុងដំណើរការ ហើយថែមទាំងមានការលើកលែងពន្ធ ពីរដ្ឋាភិបាលអាមេរិកទៀតផង។

សម្រាប់កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក មានផលិតផលចំនួនប្រហែល ៥ពាន់មុខ មកពីប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១២២ និងប្រទេសមានការអភិវឌ្ឍន៍តិចជាងគេចំនួន ៤៣ប្រទេស ទទួលបានការលើកលែងពន្ធ នៅពេលនាំចូលទៅកាន់សហរដ្ឋអាមេរិក ហើយក្នុងនោះទំនិញជាង ១៥០០ មកពីប្រទេសកំពុងអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជាក៏អាចនាំចេញដោយឥតបង់ពន្ធផងដែរ។

ក្នុងឆ្នាំ ២០១៥ ទំនិញដែលនាំចូលទៅសហរដ្ឋអាមេរិក ដោយឥតបង់ពន្ធនៅក្រោមកម្មវិធី GSP មានតម្លៃសរុបចំនួន ១៧.៤ពាន់លានដុល្លារអាមេរិក៕

us-travel-goods-cambodia photo-pan-so-sak-in-china-for-travel-good

មតិយោបល់