រថយន្តគ្រប់ប្រភេទសរុបប្រមាណជា ៤សែនគ្រឿង និងទោចក្រយានយន្តប្រមាណជា ១.៦លានគ្រឿង បានចុះបញ្ជីក្នុងក្របខណ្ឌរាជធានីភ្នំពេញ គិតត្រឹមដំណាច់ឆ្នាំ ២០១៦កន្លងទៅនេះ។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ។
ស្ថិតិខាងលើនេះ មិនគិតរាប់បញ្ចូលចំនួនរថយន្ត និងទោចក្រយានយន្ត ដែលមិនបានចុះបញ្ជី ដូចជា ខម នប ឡើយ។
សម្រាប់ទីក្រុងភ្នំពេញ មានចំណុចក្តៅ ១៨២ទីតាំង ដែលងាយកកស្ទះចរាចរណ៍បំផុត ហើយសាលារាជធានីភ្នំពេញ នឹងសហការជាមួយអង្គការ JICA ដើម្បីចូលរួមដោះស្រាយបញ្ហានេះ ដោយបំពាក់ស្តុបថ្មីប្រមាណ ២០០កន្លែង និងស្តុបប្រើប្រាស់នាពេលបច្ចុប្បន្ន ប្តូរទៅជាយក្រុងវិញ។
លើសពីនេះទៅទៀត មានរថយន្តតាមបណ្តាខេត្តប្រមាណជា ៣សែនគ្រឿងទៀត កំពុងធ្វើចរាចរចេញចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាមូលហេតុធ្វើឲ្យមានបញ្ហាកកស្ទះចរាចរកើតមានឡើង។
គួរបញ្ជាក់ដែរថា បញ្ហាកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ធ្វើឲ្យខាតបង់ប្រមាណ ២០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ដោយសារការបញ្ជេះថាមពល ប្រេងសាំងចោល៕


មតិយោបល់