ព័ត៌មានសេដ្ឋកិច្ច

Grab និង អង្គការ UNDP ចាប់ដៃគូគ្នា ជួយកាត់បន្ថយការបំពុលបរិស្ថាន នៅកម្ពុជា

Grab ដែលជាក្រុមហ៊ុន ផ្តល់ជូនសេវាកម្មធ្វើដំណើរទៅតាមតម្រូវការ ​និងការទូទាត់ប្រាក់តាមទូរស័ព្ទចល័ត ឈានមុខគេនៅតំបន់អាស៊ីគ្នេយ៍ ហើយនិងអង្គការ UNDP បានប្រកាសនៅថ្ងៃនេះ នូវកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយ ដែលមានគោលបំណង លើកកម្ពស់ស្តង់ដារ រស់នៅរបស់ប្រជាជនក្នុងទីក្រុង ដោយចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នពុល នៅក្នុងបរិយាកាស និងការកកស្ទះចរាចរណ៍តាមទីក្រុង។

ក្នុងការចុះហត្ថលេខាអនុស្សរណៈយោគយល់នេះ ដៃគូទាំងពីរ បានធ្វើការព្រមព្រៀង ដើម្បីសហការគ្នាលើចំណុចសំខាន់ៗ ដូចជា៖

១.កាត់បន្ថយការបញ្ចេញនូវឧស្ម័នផ្ទះកញ្ចក់ ទៅក្នុងបរិយាកាស ដោយការលើកកម្ពស់ និងប្រើប្រាស់នូវរថយន្តថ្មី ដែលដំណើរការដោយជីវឥន្ធនៈ

២.គាំទ្រដល់ ការអភិវឌ្ឍន៍សមត្ថភាព របស់ស្ថាប័ន ក្នុងការគ្រប់គ្រង ព្រមទាំងកាត់បន្ថយចំណាយ ទាក់ទងនឹងការធ្វើចរាចរ តាមរយៈការប្រមូល និងវិភាគទិន្នន័យ និងស្ថិតិចរាចរណ៍

៣.គឺការអភិវឌ្ឍន៍ វិធានការដឹកជញ្ជូនតាមទីក្រុង ប្រកបដោយនិរន្តរភាព ដោយការសិក្សាស្រាវជ្រាវ និង ចែករំលែកចំណេះដឹង ហើយនឹង

៤.ពង្រឹងសុវត្ថិភាពចរាចរណ៍ និង ការការពារអាយុជីវិត តាមរយៈការប្រើប្រាស់ ទិន្នន័យចរាចរណ៍ ។​

លោក Wee Tang Yee នាយកប្រចាំការនៅប្រទេសកម្ពុជារបស់ Grab បាន មានប្រសាសន៍ថា “បេសកកម្មរបស់ ក្រុមហ៊ុន Grab គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ តាមរយៈការបង្កើតនូវបច្ចេកវិទ្យាថ្មីៗរបស់យើង” ។

“ក្នុងនាមជាក្រុមហ៊ុនមូលដ្ឋានក្នុងស្រុកមួយ យើងប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍន៍រយៈពេលវែង ​របស់ប្រទេស និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ យើងព្យាយាមបន្តធ្វើការ ជាមួយដៃគូក្នុងស្រុក និងភាគីពាក់ព័ន្ធដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរវិជ្ជមាន​ នៅក្នុងស្រុក និងនៅទូទាំងអាស៊ាន។ យើងជឿជាក់ថាការចាប់ដៃគូជាមួយអង្គការ UNDP នឹងជួយ ពង្រីកមហិច្ឆតារបស់យើង ដើម្បីធ្វើឱ្យទីក្រុងនៅតំបន់អាស៊ីអាគ្នេយ៍ កាន់តែមានសោភ័ណភាពនិង គួរអោយរស់នៅជាងមុន តាមរយៈការគ្រប់គ្រងចរាចរណ៍ដែលមានប្រសិទ្ធភាពជាងមុន»។

ក្រៅពីកិច្ចសហប្រតិបត្តិការជាមួយ UNDP ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តថ្មីដែល ដំណើរការដោយជីវឥន្ធនៈ ក្រុមហ៊ុន Grab នឹងគាំទ្រ​ដល់អង្គការដែលពាក់ព័ន្ធផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា សម្រាប់ស្វែងរកដំណោះស្រាយបញ្ហាប្រឈម ចំពោះបរិស្ថាន ព្រមទាំងចរាចរណ៍ដោយការប្រមូល និងវិភាគទិន្នន័យដែលទទួលបាន។

លោក Nick Beresford បាននិយាយថា “ការចាប់ដៃគូជាមួយក្រុមហ៊ុន Grab នេះ គឺជា ជំហានដ៏សំខាន់មួយសម្រាប់យើង ដើម្បីផ្ដល់នូវសេវាកម្មតាក់ស៊ី និង​ ទិន្នន័យដែលទទួលបានពីកម្មវិធី ដើម្បីដោះស្រាយបញ្ហា ការបំពុលបរិស្ថាន និង បញ្ហាចរាចរណ៍។ យើងមានក្តីរំភើប ចំពោះការចាប់ដៃគូនេះ ហើយសង្ឃឹមថាការធ្វើការរួមគ្នាជាមួយក្រុមហ៊ុន Grab​ នេះ នឹងជួយកែលម្អគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជាប្រកបដោយនិរន្តរភាព “។

ជាទូទៅសេវាកម្មតាក់ស៊ីរបស់ក្រុមហ៊ុន Grab បានជួយកាត់បន្ថយចំនួនរថយន្តប្រហែល ១៦០០០ គ្រឿង ដែលចរាចរលើដងផ្លូវ​នៅតាមបណ្តាទីក្រុងនានា ដែលត្រូវបាន ផ្ដល់សេវាកម្មទាំងនេះ ហើយបានជួយកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនប្រមាណ ៣.២លានគីឡូក្រាម នៅទូទាំងតំបន់ក្នុងកំឡុងឆ្នាំ ២០១២-២០១៦៕

មតិយោបល់