ព័ត៌មានសេដ្ឋកិច្ច

ដំណាំអំពៅ កំពុងត្រូវប៉ាន់ តែខ្វះកម្លាំងពលកម្មប្រមូលផល ដោយសាររោងចក្រ

ដំណាំអំពៅ កំពុងទទួលរងផលពិបាក ដោយសារកង្វះកម្លាំងពលកម្ម ដើម្បីប្រមូលផលយកទៅ ផ្គត់ផ្គង់នៅទីផ្សារ ដែលធ្វើឲ្យបាត់បង់ផលដំណាំអំពៅ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

លោក កុយ សារ៉េន តំណាងប្រជាសហគមន៍កសិករដំណាំអំពៅខេត្តស្វាយរៀង បានឲ្យដឹងថា ទីផ្សារអំពៅស្ករល្អ ដីមានជីជាតិ ការផ្តល់បច្ចេកវិជ្ជាដាំដុះដោយក្រសួងកសិកម្ម បានធ្វើឲ្យកសិករផលិតអំពៅស្ករ បានបង្កើនផ្ទៃដីដាំដុះអំពៅពី ៤ពាន់ហិកតា ដល់ជាង ៧ពាន់ហិកតា។

បច្ចុប្បន្នគ្រប់កសិដ្ឋានអំពៅនៅទូទាំងខេត្ត កំពុងតែមានបញ្ហាប្រឈមទៅនឹង កង្វះកម្លាំងពលកម្មប្រមូលផល ដោយសារតែកម្លាំងពលកម្មជាច្រើន បានទៅបម្រើការងារនៅតាមរោងចក្រសហគ្រាស។

លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង បញ្ជាក់ថា ពិតជាមានការបាត់បង់កម្លាំងពលកម្ម ក្នុងវិស័យកសិកម្មពិតមែន​ ដោយសារបច្ចុប្បន្ន មានរោងចក្រសហគ្រាសជាច្រើន បង្កើតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត។

គួររម្លឹកដែរថា រោងចក្រផលិតស្ករសដ៏ធំជាងគេនៅអាស៊ី ដែលស្ថិតក្នុងខេត្តព្រះវិហារ បានផ្អាកការផលិតម្តងរួចទៅហើយ ដោយសារការផ្គត់ផ្គង់អំពៅមិនគ្រប់គ្រាន់ ទៅតាមតម្រូវការទីផ្សារ ហើយរោងចក្រនេះ មានសមត្ថភាពកិនអំពៅរហូតដល់ ២ម៉ឺនតោនក្នុងមួយថ្ងៃ៕

មតិយោបល់