ព័ត៌មានសេដ្ឋកិច្ច

គិតមកត្រឹមឆ្នាំ ២០១៨ វិស័យរ៉ែ ចាក់បញ្ចូលទឹកប្រាក់ជាង ១៣០០លានដុល្លារ

គិតមកទល់ឆ្នាំនេះ ទឹកប្រាក់ជាង ១៣០០លានដុល្លារអាមេរិក ត្រូវបានចាក់បញ្ចូលក្នុងវិស័យរ៉ែ និងប្រេងកាត នៅកម្ពុជា ហើយឆ្នាំ ២០១៨-២០១៩នេះ ក៏ជាឆ្នាំប្រមូលផលផងដែរ។ នេះបើយោងតាម ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

ការវិនិយោគរបស់អ្នកវិនិយោគបរទេស ដែលមានទំហំ ១៣០០លានដុល្លារ នឹងក្លាយជាប្រភពទុនដ៏សំខាន់ សម្រាប់កម្ពុជា​ ក្នុងការអភិវឌ្ឍន៍វិស័យរ៉ែ និងប្រេងកាតនេះ។

ក្រសួងរ៉ែ និងថាមពល​បានឆ្លងកាត់ឧបសគ្គជាច្រើន ទម្រាំសម្រេចបានសមិទ្ធផលការងារផ្លែផ្កា នាពេលបច្ចុប្បន្ននេះ ដោយបានឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ​​ ចាប់ផ្តើមពី​ «ឆ្នាំនៃការបង្កើតថ្មី និងកសាងសមត្ថភាពស្ថាប័នកិច្ច» មកដល់ដំណាក់កាល «ឆ្នាំនៃភាពអនុលោម» ពីឆ្នាំ២០១៧កន្លងមក និងកំពុងឆ្ពោះទៅរក​​ «ឆ្នាំនៃការប្រមូលផល»​ ក្នុងឆ្នាំ២០១៨ និងឆ្នាំបន្តបន្ទាប់។

យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ចំណូលមិនមែនសារពើពន្ធរបស់ក្រសួង មានកំណើនពីជាង ១៧ពាន់លានរៀល ក្នុងឆ្នាំ ២០១៤ ឈានរហូតដល់ ៦២ពាន់លានរៀល ក្នុងឆ្នាំ ២០១៧។

ជាលទ្ធផល ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ ចំណូលកត់ត្រាមិនមែនសារពើពន្ធពីវិស័យរ៉ែ ប្រេងកាត និងថាមពល មានចំនួនជាង ២០៦ពាន់លានរៀល ស្មើនឹង ៩៩ភាគរយនៃផែនការច្បាប់ថវិកា៕

មតិយោបល់