ព័ត៌មានសេដ្ឋកិច្ច

យុទ្ធនាការទិញផលិតផលខ្មែរ ធ្វើឡើងនៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ៥ ដល់ ៩ មេសា

ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយឲ្យដឹងថា ការរៀបចំពិព័រណ៍​ពាណិជ្ជកម្មផលិតផលខ្មែរ​ «យុទ្ធនាការ​ទិញផលិតផលខ្មែរ» នឹងធ្វើឡើងចាប់ពីថ្ងៃទី ៥ – ៩ ខែមេសា ឆ្នាំ២០១៨ នៅបរិវេណស្ថានីយ៍ចំណតរថយន្តមិត្តភាពកម្ពុជា-ជប៉ុន ខេត្តកំពង់ឆ្នាំង។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ធ្លាប់បានបញ្ជាក់ថា ការទិញផលិតផលខ្មែរ ស្មើនឹងជួយបង្កើតការពារជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ព្រមទាំងជួយពង្រឹងស្ថិរភាពផលិតកម្មក្នុងស្រុក និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

លោកបន្តថា ផលិតផលរបស់កម្ពុជា មានគុណភាពល្អ តម្លៃសមរម្យ តែត្រូវការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាជនខ្មែរ និងអន្តរជាតិ ដើម្បីទាក់ទាញការគាំទ្រថែមទៀត ហើយលោករំពឹងថា វត្តមានផលិតផលខ្មែរ នឹងកាន់តែកើនឡើង នៅលើទីផ្សារនានា ជាពិសេសតាម ផ្សារទំនើបផងដែរ។

យុទ្ធនាការទិញផលិតផលខ្មែរ ក៏បានចូលរួមផ្តល់ជាកម្លាំងចិត្តដល់ ផលិតករ និងពាណិជ្ជករខ្មែរ ធ្វើការពង្រឹងគុណភាព និងសោភ័ណភាពផលិតផល ស្របតាមស្ពង់ដាបច្ចេកទេសត្រឹមត្រូវ ដើម្បីប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស។

គួរជម្រាបដែរ យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី ១ ត្រូវបានរៀបចំឡើងដោយជោគជ័យ ហើយគេសង្កេតឃើញផលិតផលខ្មែរភាគច្រើន ចាប់ផ្តើមរីកដុះដាល និងបង្ហាញវត្តមាននៅលើទីផ្សារក្នុងស្រុក និងផ្សារទំនើបទូទាំងប្រទេស។

សម្រាប់ព័ត៌មានលំអិត សូមទំនាក់ទំនងនាយកដ្ឋានកិច្ចការពិព័រណ៍នៃ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ៖ ០៧៧ ៣៣៩ ៤៣៩ / ០៨៥ ៥៧៨ ៩៧២ / ០៧៧ ៣៣២ ២៣៣ / ០៨៧ ៧៥៥ ៥៥១៕

មតិយោបល់