តំណាងក្រុមហ៊ុនសាជីវកម្ម ជៀ ហុង របស់ប្រទេសចិន សន្យាថា នឹងជួយចែករំលែកបច្ចេកវិទ្យា កសិកម្មសម័យទំនើបមកឱ្យកម្ពុជា ដើម្បីលើកស្ទួយការ ធ្វើកសិកម្មនៅកម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។
គណៈប្រតិភូក្រុមហ៊ុនមួយនេះបានធ្វើការអះអាងយ៉ាងដូច្នេះ ក្នុងឱកាសដែល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យគណៈប្រតិភូរបស់ក្រុមហ៊ុននេះចូលជួបសម្តែងការគួរសម។
ក្នុងជំនួបនោះលោកតំណាងក្រុមហ៊ុន សាជីវកម្ម ជៀ ហុង បានជម្រាបជូន សម្តេច ប្រធានរដ្ឋសភាថា ក្រុមហ៊ុនកំពុងបណ្តាក់ទុននៅកម្ពុជាទៅលើផ្នែកអចលនទ្រព្យ និងខាងផ្នែកកសិកម្ម ហើយក៏កំពុងឈាន ទៅរក ផ្នែកហិរញ្ញវត្ថុបន្ថែមទៀត។
លោកបានគូសបញ្ជាក់ថា សាជីវកម្មជៀ ហុង មានជំនាញ ខាងផ្នែកកសិកម្ម ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុង ផ្សាភ្ជាប់ផ្នែកនេះយ៉ាងជំនាញ ទៅនឹងបច្ចេកវិទ្យាបែបសម័យទំនើប ហើយថា ក្រុមហ៊ុននឹងចែករំលែក បច្ចេកវិទ្យានេះមកឱ្យកម្ពុជាផងដែរ ដើម្បីលើកស្ទួយការ ធ្វើកសិកម្មនៅកម្ពុជារួមចំណែកក្នុងការជំរុញ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាស្របតាម កិច្ចព្រមព្រៀង ដែលថ្នាក់ដឹកនាំកំពូលកម្ពុជា-ចិនបានឯកភាពគ្នា ក្នុងការជួយគ្នាទៅវិញ ទៅមកដើម្បីផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានសុខសន្តិភាព ស្ថិរភាព នយោបាយល្អ និងមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ។
សម្តេចបានបន្តទៀតថា ទំាងរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងជំរុញលើក ទឹកចិត្តចំពោះវិនិយោគផ្ទាល់ ពីបរទេសលើគ្រប់វិស័យ ហើយទទួល បានការចាប់អារម្មណ៍ និងការគាំទ្រដោយមានក្រុមហ៊ុនធំៗពីបរទេសជាច្រើន បាននិងកំពុងអនុវត្តន៍ផែនការវិនិយោគ របស់ពួកគេ។
ការភ្ជាប់ជើងហោះហើរ ត្រង់មកកម្ពុជា ពីបណ្តាប្រទេសមានសេដ្ឋកិច្ចលូតលាស់ផ្សេងៗ វាបានជំរុញឱ្យមានកំណើន ទេសចរណ៍ និងការវិនិយោគផ្ទាល់ ពីបរទេសមកកាន់កម្ពុជាកាន់តែច្រើន រៀងរាល់ឆ្នាំ ជាពិសេស ប្រទេសចិនផ្ទាល់តែម្តង។
សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ទៀតថា រយៈពេល ២ ទៅ ៣ ឆ្នាំចុង ក្រោយនេះវិស័យ អចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង។ អគារខ្ពស់ៗ សណ្ឋាគារ ដែលមានឈ្មោះល្បីៗ លំដាប់អន្តរជាតិ កំពុងអនុវត្តន៍គម្រោងផែនការ របស់គេជាបណ្តើរៗ។
ដោយឡែកវិស័យទេសចរណ៍ នៅកម្ពុជា កំពុងរីកលូតលាស់ខ្លាំង ដែលមានវិសាលភាពគ្រប់ដណ្តប់ ទំាងតំបន់ឆ្នេរសមុទ្រ តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍វប្បធម៌ ដែលវាជាឱកាសល្អ សម្រាប់ក្រុមហ៊ុនក៏ដូចជាដៃគូវិនិយោគនានា មកពីប្រទេសចិន ដើម្បីពិនិត្យលើឱកាសវិនិយោគនៅកម្ពុជា៕
មតិយោបល់