កម្ពុជា បាននិងកំពុងស្នើដល់ប្រទេសចិន ឲ្យពង្រីកជើងហោះហើរត្រង់ពីខេត្តហឺណាន មកកម្ពុជា ដើម្បីផ្តល់នូវលំហូរភ្ញៀវទេសចរឲ្យគ្នាទៅវិញទៅមក។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងទេសចរណ៍ ចេញផ្សាយកាលពីម្សិលមិញនេះ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើដល់គណៈប្រតិភូចិន ខេត្តហឺណាន ឲ្យបន្ថែមជើងហោះហើរត្រង់មកកម្ពុជា ដើម្បីពង្រីកសក្តានុពលទេសចរណ៍របស់ប្រទេសទាំងពីរ។
លើសពីនេះទៅទៀត លោកក៏បានស្នើឲ្យភាគីខេត្តហឺណាន ជម្រុញអ្នកវិនិយោគចិន មកបោះទុនវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើន។
ជាការឆ្លើយតប លោក Zhang Guangzhi អភិបាលរងខេត្តហឺណាន ក៏បានឯកភាពនឹងជួយផ្សព្វផ្សាយពី សក្តានុពលតំបន់ទេសចរណ៍កម្ពុជា ទៅទីផ្សារទេសចរណ៍ខេត្តហឺណាន ហើយប្តេជ្ញាខិតខំជម្រុញឲ្យអ្នកវិនិយោគចិន មកបោះទុនវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើន។
គួរបញ្ជាក់ដែរ យោងតាមស្ថិតិរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ទំហំវិនិយោគចិននៅកម្ពុជា ក្នុងឆ្នាំ ២០១៥ មានចំនួនប្រមាណ ៨៥៦លានដុល្លារអាមេរិក ឈរនៅលំដាប់ទី ១ ក្នុងចំណោមវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា៕
មតិយោបល់