នៅថ្ងៃទី ១១ ខែវិច្ឆិកា ត្រូវបានចាត់ទុកជា Singles’ Day ដែលជាថ្ងៃពិសេសរបស់អ្នកមិនទាន់មានគូស្រករ ក្នុងប្រទេសចិន ក្រុមហ៊ុនលក់អនឡាញរបស់លោក Jack MA រំពឹងរកប្រាក់ចំណូលបានចន្លោះពី ១៧ ដល់ ២០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងនៃព្រឹត្តិការណ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Forbes។
កាលពីឆ្នាំមុន ក្នុងថ្ងៃ Singles’ Day ក្រុមហ៊ុន Alibaba របស់លោក Jack MA រកប្រាក់ចំណូលបាន ១៤.៣ពាន់លានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រាក្លាយជា ព្រឹត្តការណ៍ទិញទំនិញធំជាងគេបំផុតទូទាំងពិភពលោក។
ព្រឹត្តិការណ៍ Singles’ Day ដែលមានការបញ្ចុះតម្លៃពិសេសជាច្រើននៅក្នុងឆ្នាំនេះ នឹងបើកកាន់តែទូលាយជាងមុនទៅកាន់ពិភពលោក ហើយនៅឆ្នាំនេះ វានឹងកាន់តែទំនើប ទាន់សម័យ ងាយស្រួល និងទៅជុំវិញពិភពលោក។
គោលបំណងពិតប្រាកដរបស់លោក Jack MA ដែលរៀបចំព្រឹត្តិការណ៍សម្រាប់អ្នកអត់គូ នៅថ្ងៃទី ១១ ខែ ១១នេះ គឺជាការបោះជំហានដំបូង ក្នុងការកែច្នៃ និងច្នៃប្រឌិតបន្ថែមលើការលក់រាយតាមអនឡាញ ក្នុងប្រទេសចិន រួចបោះជំហានទៅកាន់ពិភពលោក ដើម្បីបម្រើអតិថិជន ២ពាន់លាននាក់ទូទាំងសកលលោក។
គួរបញ្ជាក់ថា យីហោល្បីៗប្រមាណ ៤ម៉ឺនយីហោមកពីសហរដ្ឋអាមេរិក បានចូលរួមដាក់លក់រាយ នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ហើយកាលពីឆ្នាំមុន ត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ក្រុមហ៊ុនទទួលបានកម្ម៉ង់ទិញរហូតដល់ទៅ ៤៦៧លានដង ដែលត្រូវដឹកជញ្ជូនទៅអតិថិជន៕
មតិយោបល់