ព័ត៌មានសេដ្ឋកិច្ច

ផ្សារទំនើប AEON ទី២ នឹងមានកន្លែងធ្វើលិខិតឆ្លងដែន បន្ទាប់ពីសាងសង់រួចរាល់

កន្លែងធ្វើលិខិតឆ្លងដែន នឹងមានវត្តមាននៅក្នុងផ្សារទំនើប អ៊ីអនម៉ល ទី២ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ។ នេះបើយោងតាមការលើកឡើងនៅម្សិលមិញនេះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចក៏បានបញ្ជាក់ដែរថា បច្ចេកវិទ្យាបានជួយសម្រួលដល់សេវាសាធារណៈមានមួយកម្រិតធំ ដូចជាការបង់ពន្ធរថយន្ត និងធ្វើស្លាកលេខ Online ទិដ្ឋាការ ការបើកប្រាក់បៀវត្សន៍ និងបង់ពន្ធតាមកាត ATM និងសេវាផ្សេងៗជាច្រើនទៀត។

គម្រោងសាងសង់ ផ្សារទំនើបអ៊ីអនម៉ល ទី២ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីខែមិថុនា កន្លងទៅនេះ នឹងប្រើរយៈពេលសាងសង់ប្រមាណ ២០ខែ ដែលរំពឹងនឹងបើកឲ្យដំណើរការនៅឆ្នាំ ២០១៨ខាងមុខនេះ។

ស្ថិតក្នុងតំបន់ពងពាយ ភាគពាយព្យនៃរាជធានីភ្នំពេញ ផ្សារទំនើបមួយនេះ នឹងសាងសង់លើផ្ទៃដីប្រមាណ ១សែនម៉ែត្រការ៉េ ដែលផ្តល់ការងារប្រមាណ ២,៥០០កន្លែង។

គួរបញ្ជាក់ថា នៅផ្សារទំនើបអ៊ីអនម៉ល ទី១ ក៏មានផ្តល់ជូនលិខិតស្នាមរថយន្ត និងប័ណ្ណបើកបរឆាប់រហ័ស ដែលចាប់ផ្តើមដំណើរការតាំងពីខែមិថុនាកន្លងមកនេះ ដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ៕

12243158_1676371795940858_2257879803024624932_n

មតិយោបល់