ព័ត៌មានសេដ្ឋកិច្ច

កម្មករនិយោជិតទាំងអស់ នឹងមានប្រាក់ចូលនិវត្តន៍ ស្មើនឹង ៨០ភាគរយ នៃប្រាក់ខែធម្មតា

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដឹងថា ចាប់ពីឆ្នាំ ២០១៩តទៅ កម្មករនិយោជិតទាំងអស់ នឹងទទួលបានប្រាក់ចូលនិវត្តន៍ (ប្រាក់រឺ ត្រែត) ដូចមន្រ្តីរាជការដែរ​ ពោលគឺ ពេលមានកម្លាំងធ្វើការទទួលបានប្រាក់ខែ ហើយពេលចាស់ទៅធ្វើការមិនកើត ក៏មានប្រាក់រឺត្រែតដែរ។

ប្រាក់រឺត្រែតនេះ គឺស្មើនឹង ៨០ភាគរយនៃ ប្រាក់ខែដែលខ្លួនធ្លាប់ទទួលបានពីមុនពេលរឺត្រែត។

នេះ ជាឱកាសដ៏ល្អមួយ ដែលកម្មករនិយោជិត ពុំចាំបាច់មានក្របខណ្ឌការងាររដ្ឋនោះទេ តែអាចទទួលបានប្រាក់រឺត្រែត ដូចមន្រ្តីរាជការ តែយ៉ាងណាមិញ សម្តេចតេជោ ក៏បានផ្តាំផ្ញើឲ្យ ខិតខំធ្វើការឲ្យបានល្អផងដែរ។

បច្ចុប្បន្ន ចំនួនរោងចក្រកំពុងបន្តកើនឡើងជាបន្តបន្ទាប់ ដែលបានផ្តល់ការងារជាច្រើនដល់ បងប្អូនប្រជាពលរដ្ឋ ដែលក្នុងនោះ ប្រាក់ខែ ក៏ត្រូវបានតម្លើងជាបន្តបន្ទាប់ អាចឈានដល់ ១៦៨ដុល្លារអាមេរិកក្នុងមួយខែ នៅឆ្នាំ ២០១៨ ដោយមិនទាន់បូកនឹង ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។

សម្រាប់ស្រ្តីជាកម្មការិនី មានផ្ទៃពោះ ត្រូវបានផ្តល់ប្រាក់បន្ថែម ១២០ភាគរយ សម្រាប់សម្រួលនៅពេលឆ្លងទន្លេ។

ទន្ទឹមនឹងនេះ​ សាលារាជធានីភ្នំពេញ នឹងផ្តល់សេវាឡានក្រុងសាធារណៈ ដោយឥតគិតថ្លៃ រយៈពេល ២ឆ្នាំ ដល់កម្មករ កម្មការិនីទាំងអស់ ដោយគ្រាន់តែបង្ហាញកាតការងារ។

ជាចុងក្រោយ ចាប់ពីខែមករា ឆ្នាំ ២០១៨ទៅ កម្មករនិយោជិតទាំងអស់ មិនចាំបាច់បង់ថ្លៃ ចំពោះសេវារបស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពទៀតឡើយ គឺនិយោជក (ក្រុមហ៊ុន) នឹងទទួលរ៉ាប់រងលើចំណាយនេះទាំងអស់៕

មតិយោបល់