កុមារកម្ពុជា៣៩រូប ត្រូវបានជ្រើសអោយទៅប្រលងសិស្សពូកែអន្តរជាតិ នៅប្រទេសឥណ្ឌូនេស៊ី
ផ្អែកតាមការប្រកាសរបស់កម្មវិធីប្រលងសិស្សពូកែថ្នាក់ជាតិលើកទី២របស់ UCMAS កាលពីថ្ងៃទី២៧ សីហា ដែលជាអ្នករៀបចំព្រឹត្តិការណ៍ប្រកួតគិតលេខរហ័សបានអះអាងថា កុមារកម្ពុជាចំនួន៣៩រូបដែលមានពិន្ទុល្អជាងគេក្នុងចំណោមកុមារៗដែលចូលរួមប្រកួតគិតលេខរហ័សនៅក្នុងថ្ងៃនោះប្រមាណជាង២៣០០នាក់ នឹងត្រូវបញ្ជូនអោយទៅប្រកួតគិតលេខរហ័សកម្រិតអន្តរជាតិនៅក្នុងប្រទេសឥណ្ឌូណេស៊ីជាមួយនឹងកុមារៗមកពី៧០ប្រទេសផ្សេងទៀត។ព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូក្នុងឆ្នាំ២០១៧នេះដោយកុមារខ្មែរទាំង៣៩រូបដែលទើបជម្រើសចេញពីការប្រកួតដែលទើបបញ្ចប់ពិតជាមានបេក្ខភាពណាមួយអាចទទួលបានជ័យលាភីល្អជាក់ជាមិនខានសម្រាប់ការប្រកួតនោះ។
លោក លី សាឃុន ប្រធានសាលាអាយឃីដ ដែលជាអ្នកទទួលសិទ្ធិផ្ដាច់មុខសម្រាប់ការប្រកួតមួយនេះបានអះអាងថា ការប្រកួតដែលបានធ្វើឡើងនៅបរិវេណកោះពេជ្រនោះមានកុមារសរុបចំនួន២៣៤៣នាក់ ប៉ុន្តែកម្មវិធីនឹងជ្រើសយកតែ៣៩នាក់ប៉ុណ្ណោះ អោយចេញទៅប្រកួតការគិតលេខរហ័សជាមួយនឹងកុមារៗមកពី៧០ប្រទេសផ្សេងទៀត នៅថ្ងៃទី៩ ខែធ្នូ ក្នុងឆ្នាំ២០១៧ខាងមុខ នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ លោកថាកុមារដែលមានភាពវ័យឆ្លាតក្នុងការគិតលេខនឹងងាយស្រួលសិក្សាលើមុខវិជ្ជាផ្សេងៗជាពិសេសគឺមុខវិជ្ជាបច្ចេកវិទ្យា និងមុខវិជ្ជាសំខាន់ៗផ្សេងទៀត ទើបកម្មវិធីមួយនេះសម្រេចចិត្តបើកការប្រកួតដើម្បីសម្រាំងយកកុមារដែលមានភាពវ័យឆ្នាតនៅក្នុងប្រទេសកម្ពុជាដើម្បីអោយអោយបានចេញទៅប្រកួតជាអន្តរជាតិនោះ។ ក្រោយការជ្រើសរើសបានកុមារខ្មែរទាំង៣៩រូប អ្នករៀបចំព្រឹត្តិការណ៍ក៏នឹងមានកម្មវិធីបង្ហាត់បន្ថែមពីបច្ចេកទេសគិតលេខអោយកាន់តែល្អបន្ថែមផងដែរ ទើបលោករំពឹងថាមិនអត់សង្ឃឹមនោះសម្រាប់ការទទួលចំណាត់ថ្នាក់ណាមួយនៅក្នុងព្រឹត្តិការណ៍UCMAS International Competition ដែលកម្ពុជាមានឱកាសចូលរួមនៅកោះបាលីប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី៩ ខែធ្នូខាងមុខ។
លោកអ៊ឹម គុច រដ្ឋលេខាធិការក្រសួងអប់រំ បានអះអាងថានេះជាប្រលងជ្រើសរើសមួយយ៉ាងសំខាន់ដែលជួយជំរុញអោយវិស័យសិក្សារបស់កុមារនៅកម្ពុជាកាន់តែមានគុណភាពតាមរយៈដែលកុមារទាំងនោះប្រឹងប្រែងសិក្សា ដើម្បីមានឱកាសចូលប្រកួត។ យ៉ាងណាមិញ លោកទទូចអោយការប្រកួតមួយនេះមានការប្រកាសផ្សព្វផ្សាយអោយបានទូលំទូលាយដើម្បីអោយកុមារដែលមានសមត្ថភាពកាន់តែមានឱកាសបានចូលរួម។ លោកជូនពរអោយកុមារខ្មែរទាំង៣៩រូបដែលនឹងជម្រើសបានពីការប្រកួតដ៏ធំមួយនេះទទួលបានផ្លែផ្កាសម្រាប់ការប្រកួតនៅក្នុងប្រទេសឥណ្ឌូនេសី បើទោះជាលទ្ធផលផ្លូវការនៅមិនទាន់ប្រកាសថាកុមារទាំង៣៩រូបនោះតើមានសមាសភាពពីខាងណាខ្លះ ដោយសារតែការប្រលងទើបតែបញ្ចប់ដែលមិនទាន់ប្រកាសអោយដឹងពីលទ្ធផល៕
មតិយោបល់