ព័ត៌មានសិល្បៈ និងកម្សាន្ត

ខៀវ សានសាណា ប្រតិកម្មជុំវិញការផ្សាយរឿងមរណៈភាពរបស់បងប្រុស

បន្ទាប់ពីមានការចុះផ្សាយជាហូរហែរតាមប្រភពព័ត៌មានថាលោក ខៀវ កូនែល ជាបងប្រុសបានបាញ់សម្លាប់ភរិយា និងឈានទៅផ្ដាច់ជីវិតខ្លួនឯងដោយការប្រច័ណ្ឌ និងឧស្សាហ៍បង្កជម្លោះជាមួយភរិយា អ្នកនាងខៀវ សានសាណា ជាប្អូនស្រី និងជាពិធីការិនីល្បីឈ្មោះបានទទូចកុំឲ្យមានការសន្និដ្ឋានមុនមានការស៊ើបអង្កេតច្បាស់លាស់ ដើម្បីកុំឲ្យវិញ្ញាណរបស់បងប្រុសនាងមិនបានស្ងប់ក្រោយបាត់បង់ជីវិត។ នេះជាប្រតិកម្មលើកដំបូងដែលអ្នកនាងចេញមុខប្រកាសដោយផ្ទាល់ ក្នុងពេលដែលអ្នកនាងក៏បានប្រកាសថាខ្លួន និងគ្រួសារមានវិប្បដិសារីជាខ្លាំងជុំវិញឃាតកម្មដែលបានកើតឡើង និងមិនចង់ឃើញដំណឹងដែលមានត្រឹមជាប៉ាន់ស្មានពីការស្លាប់របស់បងថ្លៃ និងបងប្រុស ដោយមិនទាន់មានការបញ្ជាក់ពីមូលហេតុពិតនោះទេ។

អ្នកនាងបានសរសេរនៅលើហ្វេសប៊ុកជាភាសាអង់គ្លេសថា«រឿងតែមួយគត់ដែលអ្នកនាងចង់បាននៅក្នុងពេលនេះ គឺសូមអង្វរដល់បណ្ដាសារព័ត៌មានទាំងអស់ សូមបញ្ឈប់នូវរាល់ការសរសេរសន្និដ្ឋាន អំពីហេតុការណ៍នេះដោយគ្មានភស្ដុតាងច្បាស់លាស់ ហើយសុំទុកពេលឲ្យសមត្ថកិច្ចបំពេញតួនាទីរបស់ពួកគាត់ ដើម្បីស៊ើបអង្កេតឲ្យបានច្បាស់លាស់ជាមុនសិន។ ខ្ញុំសូមអរគុណចំពោះការយោគយល់នេះ ដើម្បីឲ្យព្រលឹងរបស់បងប្រុសខ្ញុំបានទៅកាន់សុគតិភព។ ខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ ខ្ញុំមិនដឹងថាត្រូវកាត់ចិត្តយ៉ាងមិចទេ សូមបងសម្លាញ់បានទៅសើយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ!»។

មកទល់ពេលនេះមិនទាន់មានការបញ្ជាក់ណាមួយអ្វីជាមូលហេតុដែលនាំឲ្យប្ដីប្រពន្ធលោកខៀវ កូនែល វ័យ៣៣ឆ្នាំ និងភរិយាអ្នកស្រី យ៉េង លក្ខិណា វ័យ៤០ឆ្នាំ ឈានដល់ការបាញ់សម្លាញ់គ្នានោះទេ ក្រៅតែពីមានការបញ្ជាក់ជាបឋមរបស់សមត្ថកិច្ចថា បណ្ដាលមកពីភ្លើងប្រច័ណ្ឌ។ អ្វីដែលគេកត់សម្គាល់គឺនៅលើហ្វេសប៊ុករបស់អ្នកទាំងពីរឃើញសរសេរបង្ហោះតែភាពផ្អែមល្ហែម និងរ៉ូមែនទិក ដែលហាក់ដូចជាមិនមានរឿងរ៉ាវចម្រូងចម្រាស់ពីមុនកើតឡើងទាល់តែសោះ បើទោះជាមុនពេលស្លាប់គេឃើញហ្វេសប៊ុករបស់អ្នកស្រី យ៉េង លក្ខិណា ថា«មានមនុស្សតិចណាស់ដែលអាចអត់ធ្មត់នឹងភាពឆេវឆាវ គ្មានហេតុផលរបស់យើងបាន តែមានមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលក្រៅពីអ្នកមានគុណយើង ដែលព្រមអភ័យអនុគ្រោះចំពោះកំហុសគ្រប់យ៉ាងរបស់យើង ព្រោះម្នាក់នោះជាមនុស្សដែលស្រឡាញ់យើង ខ្លាំងជាងជីវិតរបស់គេ!» ដែលធ្វើឲ្យប៉ាន់ស្មានដឹងថាអ្នកទាំងពីរឧស្សាហ៍មានរឿងឆេវឆាវបង្កជាជម្លោះគ្នា៕

មតិយោបល់