សិក្សា និងអប់រំ

ព្រះរាជជីវប្រវត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ភាគ១

សួស្តីមិត្តអ្នកអាននិងអ្នកគាំទ្រទំព័រ Post Education ទាំងអស់គ្នា។ ថ្ងៃនេះទំព័រនេះនឹងឡើងយកពីព្រះរាជជីវប្រវត្តិខ្លះៗរបស់ ព្រះវររាជបិតាជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ជូនលោកអ្នកនាងដូចតទៅនេះ៖

ព្រះរាជជីវប្រវត្តិ “ព្រះបរមរតនកោដ្ឋ” ភាគ១

ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់ប្រសូត្រនៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៩២២ នាព្រះបរមរាជវាំង “ចតុមុខមង្គល” នាវេលាម៉ោង ១៩គត់។ ព្រះអង្គជាបុត្រាទោល របស់ ព្រះបាទនរោត្តម សុរាម្រឹត ជាមួយនឹង ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិមុនីវង្ស កុសមៈនារីរ័ត្ន សេរីវឌ្ឍនា។ បន្ទាប់ពីទ្រង់បានប្រសូត្ររួច ព្រះមាតាព្រះអង្គ គឺព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសមៈ បុត្រីជាទីគាប់ព្រះទ័យ នៃព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស “ព្រះខត្តិយកោដ្ឋ” ទ្រង់ជាអ្នកដែលជឿយ៉ាងជាក់ច្បាស់ទៅលើហោរាសាស្រ្ត ដែលព្រះអង្គផ្ទាល់ក៏មានចំណេះដឹងយ៉ាងជ្រៅជ្រះទៅលើផ្នែកនេះដូចគ្នា។ នៅទ្វីបអាស៊ី ចំពោះគ្រួសារធំៗ ការទៅឱ្យហោរាទស្សន៍ទាយ គឺជាទំនៀមទម្លាប់ជាប់ តាំងពីបុរាណរៀងមក។ ដូចនេះព្រះមាតាព្រះអង្គ ក្នុងគោលបំណងរៀបចំអនាគតរបស់ទ្រង់ លោកបានយាងទៅសាកសួរហោរាប្រចាំព្រះបរមរាជវាំង ដើម្បីរៀបចំតម្លើងជោគជតារាសីឱ្យទារកសីហនុ។

ព្រះអយ្យកោខាងបិតាទ្រង់ គឺព្រះអង្គម្ចាស់ នរោត្តម សុធារស បុត្រាព្រះមហាក្សត្រ នរោត្តម ដ៏ល្បីល្បាញ និង ជាអ្នកជំនាញយ៉ាងជ្រៅជ្រះ ខាងផ្នែកភាសាបាលី ដែលបានប្រទាននាម ដល់ទ្រង់ដោយជ្រើសរើសយកពី ព្រះនាមក្សត្រមួយអង្គពីប្រទេសឥណ្ឌា ក្នុងរឿងពុទ្ធនិទាន។ ព្រះនាមនោះហាក់ដូចជាលើកតម្កើងទ្រង់ណាស់ ពីព្រោះថា សីហ មានន័យជាភាសាបាលីថា សត្វតោ។ ឧទាហរណ៍ សិង្ហបុរី មានន័យថាបុរី នៃសត្វតោ។ ចំពោះព្រះអយ្យកោជាទីស្រឡាញ់របស់ទ្រង់វិញ ព្រះអង្គឈ្វេងយល់ថា យ៉ាងហោចណាស់ “សីហនុ” ក៏នឹងក្លាយទៅជាបុគ្គលខ្លាំងដូចជា “ស្តេច Richard ទី ១ នៃប្រទេសអង់គ្លេស” នៅក្នុងប្រទេសខ្មែរដែរ។ ដោយហេតុនេះហើយ ហោរារបស់ ព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស បានទស្សន៍ទាយថា៖ “នៅថ្ងៃខាងមុខ ឬ ថ្ងៃណាមួយ បុត្រា នរោត្តម សីហនុ អង្គនេះ នឹងឡើងកាន់មុខតំណែងយ៉ាងខ្ពង់ខ្ពស់បំផុត ក្នុងប្រទេសខ្មែរ។ ចំពោះមុខដំណែងដែលទ្រង់ នឹងទទួលបាននៅថ្ងៃខាងមុខវិញ ហោរាទស្សន៍ទាយមិនបានបញ្ជាក់ថាជា រាជបល្ល័ងនោះទេព្រោះវាជាសម្មតិកម្មមិនច្បាស់លាស់ រួចហោរាទស្សន៍ទាយក៏បានបន្តទៀតថា ខ្សែជីវិតរបស់ នរោត្តម សីហនុ និង មានសភាពប្លែកអស្ចារ្យខុសគេ ពោលគឺខុសខ្លាំងមែនទែនពីជីវិតរបស់មនុស្សសាមញ្ញ។ នៅក្នុងកិច្ចការពេញមួយជីវិតរបស់ព្រះអង្គ នឹងមានពួកសត្រូវតាមជំទាស់ និង ប្រឆាំងយ៉ាងប្តូរផ្តាច់។ ប៉ុន្តែហោរាបាននិយាយថា ព្រះអង្គ នឹងឆ្លងផុតដោយសុវត្ថិភាពនូវរាល់វិញ្ញាសាទាំងឡាយ និង គ្រប់ស្ថានការណ៍ដ៏គ្រោះថ្នាក់បំផុត ហើយព្រះអង្គនឹងឈ្នះទាំងអស់ លើមារសត្រូវទាំងពួងឥតមានចាញ់អ្នកណាម្នាក់ឡើយ៕

ការនិទានអំពីព្រះរាជជីវប្រវត្តិ “ព្រះបរមរតនកោដ្ឋ” សូមបញ្ចប់ត្រឹមនេះសិន។ ទំព័រ Post Education នឹងធ្វើការរៀបរាប់បន្តទៀតនៅថ្ងៃបន្ទាប់។

អត្ថបទនេះដកស្រង់ចេញពីសៀវភៅ “អនុស្សាវរីយ៍ផ្អែមល្ហែម និង ជូរចត់” ព្រះរាជនិពន្ធ នរោត្តម សីហនុ បោះពុម្ពឆ្នាំ ២០១៧។

មតិយោបល់