ភ្នំពេញៈ ជនជាតិបរទេស២នាក់ កំពុងតែជិះរម៉កកង់បីចេញពីសារមន្ទីរជើងឯក ត្រឡប់ទៅសណ្ឋាគារវិញត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមកឆក់កាបូបលុយ និងទូរសព្ទហើយគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ជិតសាលាកសិកម្មចំកាដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ TARO RASUOSSEO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិដាណាម៉ាក ជាអ្នករួមដំណើរជាមួយនិងឈ្មោះ LAI YAN TANG ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិ ហុងកុង ដែលត្រូវជនសង្ស័យឆក់កាបូបលុយមានសម្ភារៈដូចជាទូរសព្ទដៃ Iphone 5S មួយគ្រឿងកាបូបលុយមានលុយ៦០ដុល្លារ ViSa កាតនិង ID កាតមួយ។
តាមសម្តីពីអ្នកបើករម៉កកង់៣បានឲ្យដឹងថាគាត់បានដឹកជនជាតិបរទេសទាំង២នាក់មកលេងនៅសារមន្ទីរជើងឯក តាំងពីម៉ោង៩ព្រឹក រហូតដល់ម៉ោងជិត១២បានត្រឡប់ចេញមកវិញបានមកដល់ចំណុចផ្លូវកើតហេតុខាងលើក៏មានជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងមកក្បែររម៉ករបស់គាត់ហើយបានលូកដៃឆក់យកកាបូបពីស្ត្រីរងគ្រោះហើយជិះគេចខ្លួន ដោយរូបគាត់បានស្រែកឆោឡោឡើង ដែរតែជនសង្ស័យបានគេចខ្លួនបាត់ទៅហើយ
ហើយគាត់បានត្រឹមតែជូនជនបរទេសទាំង២នាក់ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដង្កោឲ្យជួយស្វែងរកសម្ភារៈដែលបាត់បង់តែប៉ុណ្ណោះ៕
មតិយោបល់