សួត គឺជាសរីរាង្គដែលមានមុខងារសំខាន់ក្នុងការច្រោះយកជាតិពុលចេញពីខ្យល់ដែលយើងដកដង្ហើម មុននឹងចែកចាយទៅកាន់សរសៃឈាមផ្សេងៗ។ តែសួត ក៏ជាសរីរាង្គដែលងាយប្រឈមនឹងជំងឺខ្លាំងផងដែរ ប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលសម្បូរផ្សែងពុល ឬអ្នកដែលមានទម្លាប់ជក់បារី។ ជាពិសេសការជក់បារី អាចប្រឈមនឹងជំងឺមហារីកខ្ពស់ជាងមនុស្សធម្មតារហូតដល់ ១០ដង។ ដូច្នេះហើយ ដើម្បីការពារសួត កុំឲ្យវិវត្តទៅរកជំងឺមហារីកឈានដល់ដំណាក់កាលធ្ងន់ធ្ងរពិបាកព្យាបាល អ្នកគួរតែចេះសង្កេតមើលរោគសញ្ញាដំបូង ៣ចំណុចនេះ។
១.ក្អកជាប់រហូត ឬកំហាកមានឈាម
នៅពេលដែលអ្នករកឃើញរោគសញ្ញាព្រមានបែបនេះ គួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះវាអាចជារោគសញ្ញាដំបូងនៃជំងឺមហារីក។
ការក្អកជាប់រហូត ជាធម្មតាបណ្តោលមកពីផលប៉ះពាល់នៃផ្នែកទងសួត ហើយប្រសិនបើមានដុំសាច់តូចមួយដុះឡើងនៅលើស្រទាប់នៃទងសួតធ្វើឲ្យអ្នកមានអារម្មណ៍ហាក់ដូចជាមានគ្រាប់ធញ្ញជាតិតូចមួយធ្លាក់ចូលទៅក្នុងបំពង់ទងសួត ដែលបណ្តោលឲ្យមានប្រតិកម្មទៅនឹងការរំញោចដើម្បីបណ្តេញចេញមកវិញតាមរយៈការក្អក។
លើសពីនេះទៅទៀត ប្រសិនបើអ្នកមានអាការក្អកជាញឹកញាប់ អ្នកគួរតែយកចិត្តទុកដាក់ ជាពិសេសចំពោះស្ថានភាពនៃជំងឺនេះ។ មួយវិញទៀតបើកំហាក ឬស្លេសមានឈាម អ្នកគួរតែប្រញាប់ទៅជួបអ្នកឯកទេសភ្លាមៗ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យទាន់ពេលវេលា។
២.ដើមទ្រូងមនុស្សប្រុស និងម្រាមដៃរីកធំជាងមុន
ប្រសិនបើអ្នកជាមនុស្សប្រុស ហើយដឹងថាដើមទ្រូងខ្លួនស្រាប់តែមានការរីកធំមិនមែនដោយសារតែការឡើងទម្ងន់ ឬម្រាមដៃកាន់តែរីកធំ ហើយមានភាពរកំពីងកំប៉ោង អ្នកត្រូវតែប្រុងប្រយ័ត្ន។ នេះអាចជារោគសញ្ញាដំបូងនៃជំងឺមហារីកសួត ដែលកើតមានចំពោះបុរស។
៣.តឹងទ្រូង ពិបាកដកដង្ហើម
ទាំងនេះ គឺជារោគសញ្ញាទូទៅបំផុតនៃជំងឺមហារីកសួតដែលកំពុងតែធ្វើការវិវត្ត។ ការកើតមានដុំសាច់មហារីក អាចរារាំងដល់ខ្យល់ដកដង្ហើមដែលបណ្តោលឲ្យសួតពិបាកនឹងដំណើរការ។ មួយវិញទៀត ឈាមមិនអាចផ្គត់ផ្គងអុកស៊ីសែនគ្រប់គ្រាន់ទេ ដែលបណ្តោលឲ្យឈឺទ្រូង និងដកដង្ហើមខ្លី។
អ្នកឯកទេសបានសង្កត់ធ្ងន់ថា ៨០ភាគរយនៃជំងឺមហារីកសួត ត្រូវបានបង្កឡើងដោយសារតែទម្លាប់នៃការជក់បារី។ ដូច្នេះ អ្នកដែលជក់បារីជារឿយៗមានហានិភ័យខ្ពស់វិវត្តទៅរកជំងឺច្រើនជាងមនុស្សធម្មតា។
ដើម្បីការពារសួតជៀសផុតពីជំងឺផ្សេងៗ អ្នកគួរព្យាយាមគេចចេញឲ្យឆ្ងាយពីតំបន់ដែលមានផ្សែងពុល ឬឈប់ជក់បារី ជាពិសេសអ្នកត្រូវដឹងពីរោគសញ្ញាដំណាក់កាលដំបូងដូចដែលបានរៀបរាប់ពីខាងលើនេះ៕
ប្រភព៖ soha
មតិយោបល់