មនុស្សម្នាក់ៗ ត្រូវការចំណាយពេលគេងមួយភាគបីនៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន ដើម្បីមានសុខភាពល្អ និងរស់នៅមានអាយុវែង។ បើយោងតាមអ្នកជំនាញបាននិយាយថា «ថ្នាំមិនមែនជាអាហារដែលអាចធ្វើឲ្យអ្នកមានអាយុវែងនោះទេ ប៉ុន្តែការគេងទើបជាអាហារបំប៉នពិតៗ»។ ការគេងបានគ្រប់គ្រាន់ គឺជាកត្តាចម្បងដែលធ្វើឲ្យអ្នកជៀសផុតពីបញ្ហាសុខភាពផ្សេងៗ ជាពិសេសមនុស្សមានវ័យកណ្តោល។ យ៉ាងណាម៉ិញ អ្នកដែលមានលក្ខណៈ៥យ៉ាងនេះក្នុងអំឡុងពេលគេង ត្រូវបានគេរកឃើញថា អាចរស់នៅបានយូរអង្វែង។
១.គេងបានគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់អាចរក្សាអ័រម៉ូននៅក្នុងរាងកាយឲ្យមានតុល្យភាព ជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ កាត់បន្ថយភាពចាស់ និងឡើងទម្ងន់ផងដែរ។
មនុស្សពេញវ័យគួរតែគេងចាប់ពី ៧ទៅ៩ម៉ោងក្នុងមួយថ្ងៃ មនុស្សចាស់ត្រូវការគេង ៦ទៅ៨ម៉ោង និងមនុស្សដែលមានអាយុ៨០ឡើងទៅ ត្រូវការគេងប្រហែលជា ៩ទៅ១០ម៉ោង។
២.គេងឆាប់លក់
បើយោងតាមវេជ្ជបណ្ឌិត Chu Ngoc Dinh នៅប្រទេសចិន បានបង្ហាញថា មនុស្សដែល គេងលក់ក្នុងរយៈពេល ៣០នាទី ត្រូវបានគេចាត់ទុកថាគេងឆាប់លក់។ នេះហើយជាមូលហេតុដែលធ្វើឲ្យរាងកាយមានពេលសម្រាកបានគ្រប់គ្រាន់ និងអាចមានលទ្ធភាពជួសជុលការខូចខាតឡើងវិញ។
ជារៀងរាល់ថ្ងៃមនុស្សគ្រប់រូបគួរតែគេងចាប់ពី ៦ ទៅ ៨ម៉ោង ទើបអាចបំពេញតម្រូវការរាងកាយបានល្អ។
៣.គេងពុំសូវភ្ញាក់
មនុស្សភាគច្រើនគេងពុំសូវបានលក់ស្កប់ស្កល់នោះទេ គឺអាចភ្ញាក់ដឹងខ្លួន ៤ទៅ៦ដងក្នុងមួយយប់។ ជួនកាលការភ្ញាក់ដឹងខ្លួននេះអាចកើតឡើងដោយសារតែការសុបិន្តអាក្រក់ ឬនោមញឹក។ ក៏ប៉ុន្តែប្រសិនបើអ្នកនោមញឹកខុសធម្មតា អ្នកគួរតែប្រញាប់ទៅពិនិត្យមើលជំងឺតម្រងនោមឲ្យបានឆាប់បន្តិច។
៤.គេមិនសូវសុបិន្ត
អ្នកដែលគេងលក់មិនសូវសុបិន្ត ត្រូវបានគេចាត់ទុកថា ជាទ្រព្យសម្បត្តិដ៏ល្អបំផុតសម្រាប់សុខភាព។ ប៉ុន្តែចំពោះអ្នកដែលគេងឧស្សាហ៍សុបិន្តវិញ ទោះជាគេងយូរយ៉ាងណាក៏ដោយក៏ខួរក្បាល និងសរីរាង្គដ៏ទៃទៀតនៅតែធ្វើការរហូត។ ដូច្នេះពួកគេអាចមានអាយុខ្លី ដោយសារតែខួរក្បាល និងសរីរាង្គដំណើរការរហូត។
៥.ពេលភ្ញាក់ឡើងមានអារម្មណ៍ល្អ
នៅពេលបានសម្រាកពេញលេញ អ្នកច្បាស់ជាមានអារម្មណ៍ល្អបន្ទាប់ពីភ្ញាក់ដឹងខ្លួន ហើយសូម្បីតែថាមពលសម្រាប់ថ្ងៃថ្មីក៏ពេញបរិបូរដែរ។ ដូច្នេះហើយ អ្នកដែលមានលក្ខណៈបែបនេះបន្ទាប់ពីក្រោយពីគេងបញ្ហាថា រាងកាយមានសុខភាពល្អ ធ្វើអ្វីក៏ឆាប់បានសម្រេចដែរ៕
ប្រភព៖ soha
មតិយោបល់