ព័ត៌មានសុខភាព

គន្លឹះការពារជើងកុំឲ្យហើម អំឡុងពេលមានផ្ទៃពោះ

ការមានផ្ទៃពោះ គឺជាដំណាក់កាលមួយដែលស្ត្រីត្រូវទទួលរងនូវការផ្លាស់ប្តូរ ទាំងអារម្មណ៍ និងរូបរាងកាយ។ រយៈពេល៩ខែនេះ ការផ្លាស់ប្តូររូបរាងជាច្រើនបានកើតឡើង រួមទាំងក្បាលពោះរីកធំ ឡើងទម្ងន់ សុដន់ធំជាងមុន ស្បែកលាតសន្ធឹង និងហើមជើង ជាដើម។ អាការហើមជើង តែងតែកើតមានចំពោះស្ត្រីមានផ្ទៃពោះជាច្រើន ដូច្នេះប្រសិនបើអ្នកចង់ព្យាបាល ត្រូវពិគ្រោះជាមួយអ្នកជំនាញឲ្យបានត្រឹមត្រូវ ដើម្បីសុវត្ថិភាព។

តើអាការហើមជើង បង្កឡើងដោយសារអ្វី?
បញ្ហាមួយនេះ កើតឡើងនៅពេលដែលរាងកាយផ្ទុកសារធាតុរាវច្រើនជាងធម្មតា។ នៅពេលដែលសារធាតុរាវប្រមូលផ្តុំនៅក្នុងជាលិកាច្រើនពេក វានឹងបង្កើនលំហូរឈាម ហើយដាក់សម្ពាធទៅលើស្បូនដែលកំពុងពង្រីកខ្លួន។ សម្ពាធនេះ អាចបន្តទៅសរសៃអាងត្រគាកផ្នែកខាងស្តាំ បន្ទាប់មកឆ្ពោះទៅកាន់អវយវៈខាងក្រោម ដែលបណ្តោលឲ្យជើងបង្កទៅជាហើម។ នេះជារឿងធម្មតានោះទេ សម្រាប់ស្ត្រីមានផ្ទៃពោះភាគច្រើន ជាពិសេសការមានផ្ទៃពោះក្នុងត្រីមាសទី៣។

ទោះជាយ៉ាងណាក៏ដោយ អាការហើមជើងនេះអាចការពារបាន ប្រសិនបើស្ត្រីមានផ្ទៃពោះអនុវត្តតាមគន្លឹះខាងក្រោម៖

១.ពិសារទឹក
ចូរពិសាទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសារធាតុរាវក្នុងរាងកាយកុំឲ្យបាត់បង់។ ម្យ៉ាងទៀត អ្នក គួរជៀសវាងអាហារដែលមានផ្ទុកជាតិសូដ្យូមខ្ពស់(អាហារប្រៃពេក) ដែលអាចបង្កឲ្យរាងកាយស្រូបយកជាតិទឹកកាន់តែច្រើន។

២.កុំឈរយូរពេក
កុំឈរយូរពេក ព្រោះរាងកាយរបស់អ្នកកាន់តែធ្ងន់ជាងមុន ហើយជើងរបស់អ្នកមិនអាចទ្រាំទ្រទម្ងន់ ដូចកាលនៅខ្លួនមួយទៀតនោះទេ។

៣.ធ្វើលំហាត់ប្រាណ
សូមព្យាយាមធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះវាអាចជួយរក្សារាងកាយឲ្យមានសុខភាពល្អ ហើយវាក៏ជាវិធីដ៏ល្អក្នុងការបញ្ចៀសអាការហើមជើងផងដែរ។

៤.ហាមពាក់ស្បែកជើងកែងចោទ
ជៀសវាងពាក់ស្បែកជើងកែងចោទ ព្រោះវាអាចបង្កឲ្យជើងរងនូវសម្ពាធខ្លាំង ហើយក៏អាចប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗមើលមិនឃើញឡើយ។

៥.គេងបែរទៅខាងឆ្វេង
អាការហើមជើងភាគច្រើនកើតមាននៅផ្នែកខាងស្តាំ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យហើមជើង នៅពេលយប់អ្នកត្រូវគេងបែរទៅខាងឆ្វេង។

ក្នុងករណី ដែលជើងរបស់អ្នកហើមទាំងពីរ ហើយមានអណ្តែតសរសៃមកទៀត កុំទុកយូរត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕

ដកស្រង់ពី៖ thehealthsite

មតិយោបល់