ម៉ាទ្បេស៊ីៈ ឧបនាយករដ្ឋមន្រ្តី លោក Ahmad Zahid Hamidi បានឱ្យដឹងថា នឹងមានការប្រមូលផ្តុំគ្នាធំមួយ ដែលត្រូវធ្វើឡើងដើម្បីបង្ហាញពីក្តីកង្វល់អំពីជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅមីយ៉ាន់ម៉ានាថ្ងៃទី០៤ ខែធ្នូខាងមុខ។
នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
ការប្រមូលផ្តុំនេះ ត្រូវបានចូលរួមដោយនាយករដ្ឋមន្រ្តីលោក ណាជីប អាប់ឌុលរ៉ាហ្សាក់ និងថ្នាក់ដឹកនាំផ្សេងទៀត រួមទាំងប្រធានផ្នែកកិច្ចការសាធារណៈលោក Hadi Awang ដោយលោក Ahmad Zahid Hamidi បាននិយាយទៀតថា « យើងមិនត្រូវមើលងាយប្រទេសមីយ៉ាន់ម៉ានោះទេ ប៉ុន្តែយើងបង្ហាញពីការព្រួយបារម្ភ លើបញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ាម៉ូស្លីម បន្ទាប់ពួកគេរងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ»។
លោកបានជំរុញឱ្យសង្គមម៉ាឡេស៊ី ដើម្បីរួមចំណែកក្នុងមូលនិធិ ដែលបង្កើតឡើង ដើម្បីជួយសហគមន៍រ៉ូហ៊ីងយ៉ា។
សូមជំរាបថា ទីភ្នាក់ងារជនភៀសខ្លួន UN បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងធ្វើការជាមួយប្រទេសម៉ាឡេស៊ី លើគម្រោងសាកល្បងមួយ ដើម្បីអនុញ្ញាតឱ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាជនភៀសខ្លួន ដែលបានរងការធ្វើទុក្ខបុកម្នេញ ពីរដ្ឋាភិបាលមីយ៉ាន់ម៉ា ឲ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ីវិញ ក្នុងការផ្លាស់ប្តូរដោយដំណោះស្រាយ ឈ្នះឈ្នះ មួយ៕
មតិយោបល់