បាត់ដំបង៖ ជនរងគ្រោះចំនួនពីរនាក់ ដែលមានមុខរបរជាអ្នកទិញស្រូវ ត្រូវបានក្រុមចោរប្លន់ប្រដាប់អាវុធ បាញ់គំរាមប្លន់យកលុយអស់យ៉ាងសន្ធឹកសន្ធាប់ ខណៈដែលជនរងគ្រោះទាំងពីរនាក់ កំពុងអង្គុយទូទាត់លុយថ្លៃទិញស្រូវពីប្រជាពលរដ្ឋទាំងយប់ហើយត្រូវក្រុមចោរចូលទៅភ្ជង់ប្លន់តែម្តង ។
យោងតាមសាក្សីដែលនៅត្រង់ចំណុចកើតហេតុ ពិសេសគឺក្រុមកម្មករលីបាវស្រូវបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងែទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៨ និង៣០ នាទីយប់ នៅចំពីមុខក្លោងទ្វារវត្តពពាលខែ
ស្ថិតនៅភូមិក្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាតដំបង ។
សាក្សីបានបន្តថា នៅពេលកើតហេតុនោះគឺការលីបាវស្រូវឡើងលើឡាន បានរួចរាល់អស់ទៅហើយ គឺទាំងថៅកែទិញស្រូវ ក៏ដូចជាកម្មករលីបាវស្រូវក៏បានឈប់សំរាកនិងអង្គុយជជែកលេងជាធម្មតា ដោយនៅពេលនោះដែរ ស្ត្រីរងគ្រោះទាំងពីរនាក់
ដែលជាដង្ខៅទិញស្រូវក៏កំពុងអង្គុយរាប់លុយដើម្បីទូទាត់លុយអោយម្ចាស់ស្រូវដែរ ។
នៅពេលនោះស្រាប់តែមានជនមិនស្គាល់មុខចំនួន៣នាក់ ពាក់អាវប៉ារ៉ាក្រឡាធំ ពណ៌ខៀវពាក់មួកក្រតិប ប្រដាប់ដោយកាំភ្លើងម៉ាកអាកាបត់ចំនួន២ដើម និងកាំបិតបុ័ងតោចំនួន១ បានធ្វើសកម្មភាពបាញ់ភ្ជុចដីមួយគ្រាប់ ដើម្បីបំបាក់ស្មារតី ព្រមទាំងបានភ្ជង់
ទៅលើកម្មករទាំងអស់មិនអោយតប តឡើង ហើយបានឆក់យកកាបូបរបស់ជនរងគ្រោះទាំងពីរនាក់ ដោយមុននឹងចាកចេញពួកគេបានបាញ់ទៅលើដីបន្ថែមចំនួន២គ្រាប់ថែមទៀតរួចក៏បានគេចខ្លួនទៅទិសខាងលិចបាត់ស្រមោល ។
ជនរងគ្រោះទាំងពីរនាក់នោះមានឈ្មោះ អ៊ុក អឿ ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាតដំបង ទ្រព្យសម្បត្តិដែលបាត់បង់រួមមានក្របូបស្ពាយពណ៌ក្រម៉ៅចំនួន១ ប្រាក់បាត ៥០ ០០០ បាត ប្រាក់រៀលចំនួន១លានរៀលចំណែកជនរងគ្រោះទីពីរមានឈ្មោះ មួង ស៊ីណាត ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិ ព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន ប្រាក់បាត អស់ចំនួន ៧៥ ០០០ បាត ប្រាក់រៀលអស់ចំនួន ៥០ ម៉ឺនរៀល ទូរសព្ទ័ដៃមួយគ្រឿង ។
តែទោះជាយ៉ាងណា ពុំមាននរណាម្នាក់រងរបួស ដោយក្រុមចោរគ្រាន់តែធ្វើការបាញ់គម្រាមសំឡុតទៅលើដីតែប៉ុណ្ណោះ ដោយបច្ចុប្បន្នសមត្ថកិច្ចទាំងពីរស្ថាប័នកំពុងសិក្សា និងពិនិត្យនៅកន្លែងកើតហេតុដើម្បីតាមស្រាវជ្រាវរកមុខសញ្ញា យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់