ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនអ្នកសារព័ត៌មានម្នាក់ និងស្ត្រី២នាក់ ដកហូតថ្នាំញៀន២៧កញ្ចប់

ភ្នំពេញៈ ជនសង្ស័យប្រុសស្រី៣នាក់ រួមនឹងថ្នាំញៀនចំនួន២៧កញ្ចប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ធ្វើការឆ្មក់ចូលបង្ក្រាបទីតាំង មួយកន្លែង កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្រុមទី២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាធានីភ្នំពេញ។

មន្ត្រីអាវុធហត្ថខណ្ឌទួលគោក បានប្រាប់ឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង ៣នាក់ខាងលើ ទី១ឈ្មោះ ថៃ សុខឡាង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ,ទី២ឈ្មោះ ទេព កុសល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ អ្នកយកព័ត៌មាន ស្នាក់នៅផ្ទះជួលគ្មាន ផ្លូវលេខ៣៥៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក និងទី៣ឈ្មោះ ចាន់ សុភ័ណ្ឌ ភេទស្រី អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ២ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ។

មន្ត្រីអាវុធហត្ថខណ្ឌបានបន្តទៀតថា នៅមុនពេលប្រតិបត្តិការនេះ គឺកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានស្ត្រីម្នាក់ដែលជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿង។ ក្រោយមក កម្លាំងកងរាជអាវុធហត្ថយើង បានបន្តធ្វើការស្រាវជ្រាវជាបន្ទាប់ ទើបឈានដល់ការចុះបង្ក្រាបជាក់ស្តែងនៅជនសង្ស័យ ២នាក់ប្តីប្រពន្ធ ដោយបានដកហូតថ្នាំញៀនចំនួន ២៧កញ្ចប់ និងម៉ូតូ មួយគ្រឿង ហើយកម្លាំងអាវុធហត្ថយើង បាននាំខ្លួនជនសង្ស័យប្រុសស្រីទាំង ៣នាក់មកកាន់មូលដ្ឋានខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ៣នាក់ខាងលើ រួយមនឹងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌទួលគោក បញ្ជូនខ្លួនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់