ភ្នំពេញៈ នៅវេលាម៉ោង៥៖៣០នាទី ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកាស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបិទបញ្ចប់ការចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់ ដែល គ.ជ.ប បានសម្រចជាថ្មី បន្ថែមរយៈពេល១ថ្ងៃទៀត បើទោះជាការចុះឈ្មោះត្រូវបញ្ចប់នៅថ្ងៃនេះ។
ការសម្រេចបន្ថែមរយៈពេល១ថ្ងៃនេះ គឺធ្វើឡើងក្រោយកិច្ចប្រជុំពិសេសមួយ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះបើតាមអ្នកនាំពាក្យរបស់គ.ជ.ប លោក ហង់ ពុទ្ធា។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា គ.ជ.ប សម្រេចពន្យាពេលចុះឈ្មោះបោះឆ្នោត១ថ្ងៃទៀត នៅគ្រប់ឃុំ-សង្កាត់ទាំងអស់ ដោយនឹងបិទបញ្ចប់ត្រឹមវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
គួរជម្រាបថា លទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រឹមម៉ោង៦៖០០នាទីល្ងាច សម្រេចបានប្រមាណ៨០,៣៤ភាគរយ ឬស្មើនឹងជាង ៧,៦លាននាក់ ខណៈប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតមានរហូតដល់ជាង ៩,៦លាននាក់។ ដូច្នេះមានន័យថា ប្រជាពលរដ្ឋប្រមាណ២លាននាក់ទៀត នៅមិនទាន់បានចុះឈ្មោះបោះឆ្នោតនៅឡើយទេ៕
មតិយោបល់