ឥណ្ឌា: រដ្ឋាភិបាលក្រុងញូដេលី បានធ្វើតេស្តជោគជ័យទៅលើការបាញ់គ្រាប់មីស៊ីលឆ្លងទ្វីប Agni-V លើកទី៤របស់ខ្លួន ដែលមានសមត្ថភាពស្មើនឹងនុយក្លេអ៊ែរ។ គ្រាប់មីស៊ីលនេះ បានបាញ់ទៅកាន់គោលដៅ ដែលស្ថិតនៅចម្ងាយ ៥.០០០ គីឡូម៉ែត្រ ជាក់ស្តែងគឺតំបន់ភាគខាងជើងបំផុតរបស់ប្រទេសចិន ដែលស្ថិតនៅក្នុងចម្ងាយគន្លងនៃអាវុធនុយក្លេអ៊េររបស់ឥណ្ឌានេះ។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។
គ្រាប់មីស៊ីលដែលមានប្រវែង១៧ម៉ែត្រកន្លះ និងទម្ងន់៥០តោន ត្រូវបានធ្វើតេស្តសាកល្បងកាលពីថ្ងៃចន្ទ ពីលើកោះ Abdul Kalam ក្នុងរដ្ឋ Odisha និងបានធ្លាក់ទៅក្បែរសមុទ្រប្រទេសអូស្ត្រាលី។
លោក Ajay Lele នាយកនៃវិទ្យាសា្ថនញូវដេលី សម្រាប់ការសិក្សាអំពីការការពារ និងវិភាគបានមានប្រសាសន៍ថា បន្ទាប់ពីការធ្វើតេស្តនេះ គ្រាប់មីស៊ីលនេះ នឹងត្រូវបញ្ជូនឲ្យទៅកងកម្លាំងយុទ្ធសាស្រ្តឥណ្ឌាប្រតិបត្តិការ ហើយពួកគេនឹងធ្វើតេស្ត២ដងបន្ថែមទៀត បន្ទាប់មកគ្រាប់មីស៊ីលនេះ នឹងត្រូវបញ្ជូនទៅក្នុងឃ្លាំងអាវុធរបស់ឥណ្ឌា។
គ្រាប់មីស៊ីល Agni ម៉ូដែលមុន ដែលត្រូវបានគេផលិតកាលពីទសវត្សរ៍មុន មានសមត្ថភាពអាចបាញ់ទៅដល់គ្រប់កន្លែងក្នុងប្រទេសប៉ាគីស្ថាន ដែលជាប្រទេសជិតខាងរបស់ឥណ្ឌានិងជាគូប្រជែងនៅអាស៊ីខាងត្បូង។ ប្រទេសទាំង២នេះបានប្រយុទ្ធគ្នាក្នុងសមរភូមិចំនួន៣រួចមកហើយ ហើយភាពតានតឹងនៅតែបន្តកើតមានក្នុងកម្រិតខ្ពស់ដដែល។
អ្នកវិភាគខាងការពារនិយាយថា គ្រាប់មីស៊ីលចម្ងាយឆ្ងាយ Agni-V ត្រូវបានផលិតឡើងដើម្បីទប់ទល់ចំពោះរដ្ឋាភិបាលក្រុងប៉េកាំង៕
មតិយោបល់