ភ្នំពេញៈ បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែឧសភា ឆ្នាំ២០១៦ បានកើតឡើងចំនួន២៨៦លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១២៨នាក់ និងរបួស៥០៧នាក់។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ អ្នកស្លាប់ថយចុះ៣២នាក់ អ្នករងរបួសថយចុះចំនួន១៦នាក់។
នាឱកាសអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យរឹតបណ្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីប្រចាំខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី០២ ខែមិថុនានេះ សម្តេចក្រឡាហោម ស ខេង បានទទួលស្គាល់នូវរបាយការណ៍នៃការថយចុះនៃគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសម្តេចក្រឡាហោមបានកោតសរសើរចំពោះសកម្មភាពរបស់មន្ត្រីពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ត្រីនគរបាលចរចរណ៍ផ្លូវគោក ក្នុងការបង្កើននូវសកម្មភាពត្រួតពិនិត្យការអនុវត្តច្បាប់ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់នេះ។
ក្រោយពីចប់កិច្ចប្រជុំ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា គ្រោះថ្នាក់ដែលកើតមានឡើងភាគច្រើននៅរាជធានីភ្នំពេញ ចំនួន២៤លើក ខេត្តកំពង់ចាមចំនួន២២លើក និងខេត្តកំពត១៨លើក។ មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ ដោយសារការបើកបរលើសល្បឿនកំណត់ ៤២ភាគរយ ស្រវឹង១១ភាគរយ មិនប្រកាន់ស្តាំ១១ភាគរយ មិនគោរពសិទ្ធិអាទិភាព៩ភាគរយ វ៉ាជែង១១ភាគរយ បត់៩ភាគរយ កត្តាយានយន្ត៣ភាគរយ ងងុយ២ភាគរយ និងកត្តាផ្សេងៗ២ភាគរយ។
នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា បើប្រៀបធៀបនឹងខែមេសា(ខែមុន)ឆ្នាំ២០១៦ គ្រោះថ្នាក់ថយចុះចំនួន៧២លើក ស្លាប់ថយចុះចំនួន៥៩នាក់ និងអ្នករបួសថយចុះចំនួន១៦នាក់។ ដោយឡែកប្រៀបធៀបរយៈពេល៥ខែ(ឆ្នាំមុន)២០១៥ ចាប់ពីពេលរឹតបណ្តឹងអនុវត្តច្បាប់ថ្មីពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៦ គ្រោះថ្នាក់ថយចុះចំនួន២៦៩លើក ស្លាប់ថយចុះចំនួន៨១នាក់ និងអ្នករបួសថយចុះចំនួន៤៣៨នាក់៕
មតិយោបល់