ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងរន្ធត់ បន្ទាប់យុវជនម្នាក់ជិះវ៉ារថយន្តប្រភេទកូរ៉េ (ដឹកកម្មករ)មួយគ្រឿង រួចជ្រុលបុកជាមួយរថយន្តដឹកកកមួយគ្រឿងទៀត បណ្តាលឲ្យដួលម៉ូតូ ក៏ត្រូវរថយន្តកូរ៉េ ដែលវ៉ាមុននោះកិនបែកក្បាលស្លាប់ភ្លាមៗ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៦ និង២០នាទីព្រឹកថ្ងៃទី០៣ មិថុនា ២០១៦ ស្ថិតនៅចំណុចមុខបន្ទាយទាហានដើមអំពិលលើផ្លូវលេខ១៥១ ក្នុងភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះជួន វុទ្ធី អាយុ២២ឆ្នាំ ជាកម្មករសំណង់ មានទីលំភូមិស្វាយ ឃុំឆ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ជិះម៉ូតូធុនC125 ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ 1FN-9107 ។ចំណែកអ្នកបើករថយន្តដឹកទឹកកក ដែលត្រូវឃាត់ខ្លួនឈ្មោះ អាន សុខតារា អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិអន្ទង់ពោះវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកខាងរថយន្តកូរ៉េ ដែលកិនជនរងគ្រោះ បានបើកគេចបាត់ដោយសុវត្ថិភាព។
មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវលេខ១៥១ ក្នុងទិសដៅពីលិចទៅកើត ។ លុះជិះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបន្ថែមល្បឿនវ៉ារថយន្តកូរ៉េនោះ រួចជ្រុលទៅបុកជាមួយរថយន្តដឹកទឹកកក បណ្តាលឲ្យដួលម៉ូតូ។ ភ្លាមនោះស្រាប់តែរថយន្តដឹកកម្មករ ចាប់ហ្វ្រាំងមិនទាន់ ក៏កិនពីលើជនរងគ្រោះ បណ្តាលឲ្យបែកស្លាប់តែម្តង ។
បន្ទាប់ពីសមត្ថកិច្ចឃាត់អ្នកបើករថយន្តដឹកកកនោះបាននិយាយអះអាងថា គាត់ក៏ជាអ្នករងគ្រោះដែរ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចស្រាវជ្រាវ ដើម្បីដោះស្រាយតាមផ្លូវ៕
មតិយោបល់