ភ្នំពេញៈ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានរៀបចំការប្រកួតប្រជែងគូរគំនូរបរិស្ថានថ្នាក់ជាតិឆ្នាំ២០១៦ ដើម្បីជម្រុញឱ្យក្មួយៗកុមារកម្ពុជាមានការយល់ដឹង និងស្រលាញ់បរិស្ថាន ក៏ដូចជាចេះរៀបចំទុកដាក់សំរាមដោយមានការចូលរួមពីសំណាក់អង្គការដៃគូពាក់ព័ន្ធនានាក្នុងស្រុកជាច្រើន។
លោក ភាវ សុវុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានឱ្យដឹងថា “ការប្រកួតគូរគំនូ បរិស្ថាននេះ ដើម្បីលើកកម្ពស់ការយល់ដឹង និងបណ្តុះស្មារតីយកចិត្តទុកដាក់ស្រលាញ់បរិស្ថានក្នុងចំណោមកុមារតូចៗ តាមរយៈការស្តែងចេញនូវទស្សនៈវិស័យលើការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ ដោយប្រើវិធី (3Rs) រូមមានការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែរច្នៃ ការស្រឡាញ់ចូលចិត្តបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ”។
លោកបានថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែល ជានិច្ចកាលតែងតែផ្តល់នូវកិច្ចសហការខ្ពស់ក្នុងការរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយនានាពាក់ព័ន្ធនឹងវិស័យបរិស្ថាន។
សូមបញ្ជាក់ថា ចំពោះលក្ខខណ្ឌនៃការជ្រើសរើសរូបគំនូរជ័យលាភី គឺនឹងសំដៅទៅលើរូបគំនូរបរិស្ថានទាំងឡាយណាដែលមានលក្ខណៈសម្បត្តិល្អដូចជា ស្នាដៃគូរ សោភ័ណភាពរូបភាព និងខ្លឹមសារនៃគំនូរដែលបង្ហាញពី បញ្ហានិងដំណោះស្រាយនៃកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព៕
មតិយោបល់