ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពលរដ្ឋខ្មែរ ប្រតិកម្មទៅថៃ ដែលស្នើដាក់ល្ខោនឃន(Khon) ដែលមានទម្រង់ដូចល្ខោនខោលខ្មែរ ទៅអង្គការយូនីស្កូ

ភ្នំពេញៈ ប្រជាពលខ្មែរ ទូទាំងប្រទេស ពិសេសបណ្តាក្រុមនិស្សិត បញ្ញាវ័ន្ត បានប្រតិកម្មយ៉ាងខ្លាំងតាមបណ្តាញសង្គមហ្វេសប៊ុក ទាន់ទិននឹងក្រសួងវប្បធម៌ថៃ បានដាក់សំណើទៅអង្គការយូនីស្កូ ដើម្បីដាក់បញ្ចូលល្ខោនឃន (Khon) ដែលមានទម្រង់ដូចទៅហ្នឹងល្ខោនខោលរបស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌអរូបីនោះ។ បន្ទាប់ពីថៃ បានដាក់សំណើទៅអង្គការយូនីស្កូនោះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសក្រុមនិស្សិត បានប្រតិកម្មយ៉ាងខ្លាំង និងថែមទាំងអស់សំណើចផងដែរ នៅពេលដែលថៃ មិនទាន់ដឹងច្បាស់ផងថា ល្ខោនខោលមានដើមកំណើតពីណានោះ។

ពាក់ព័ន្ធទៅនឹងការដាក់សំណើល្ខោនឃន(Khon )ទៅអង្គការយូនីស្កូ ជាសម្បត្តិអរូបីរបស់រដ្ឋាភិបាលថៃនេះ ត្រូវបានរដ្ឋលេខាធិការក្រសួងវប្បធម៌ខ្មែរ លោក ថៃ នរៈសត្យា បានឲ្យដឹងថា មិនមែនគ្រប់សំណើដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក សុទ្ធតែត្រូវបានអង្គការយូនីស្កូ ទទួលយកនោះទេ។ លោក ថៃ នរៈសត្យា បានបញ្ជាក់ទៀតថា ជាក់ស្ដែងសំណើរបស់ថៃ ដាក់ល្ខោន Khon មានទម្រង់ដូចល្ខោនខោលកម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោកអរូបីក៏ដូច្នេះដែរ ប្រសិនបើភាគីប្រទេសកម្ពុជា ឬប្រទេសណាមួយលើពិភពលោកមានការជំទាស់ អង្គការយូនេស្កូ នឹងពិចារណា ចំពោះសំណើរបស់ថៃមិនខាន។

រដ្ឋលេខាធិការក្រសួងវម្បធម៌ និងវិចត្រសិល្បៈ លោក ថៃ នរៈសត្យា បានលើកឡើងថា “បើប្រទេសថៃ និយាយថា ល្ខោននេះវាកកើតឡើងនៅក្នុងសម័យអយុធ្យាមែន វាកាន់តែជាទឡ្ហីករណ៍មួយបង្ហាញពីការឆ្លុះបញ្ចាំងឲ្យឃើញពីប្រវត្តិសាស្ត្រថែមទៀតផង។ អញ្ចឹង យូនីស្កូ គេអាចពិចារណាបានហើយ”

លោកបានអះអាងថា ក្រសួងវប្បធម៌ នៅតែប្រកាន់តួនាទីអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ ដោយមិនព្រងើយកន្តើយចំពោះរឿងដែលធ្វើឲ្យប៉ះពាល់ដល់បេតិកភណ្ឌរបស់ជាតិឡើយ។ ប៉ុន្តែរហូតមកដល់ពេលនេះ ដោយសារតែក្រសួង នៅមិនទាន់ទទួលបានព័ត៌មានស្ដីពីសំណើរបស់ថៃ ជាផ្លូវការ ទើបក្រសួងនៅមិនទាន់មានចំណាត់ការណាមួយនៅឡើយ។

លោករដ្ឋលេខាធិការបន្តថា ក្រសួងវប្បធម៌កម្ពុជា ត្រូវប្រជុំក្នុងជួរថ្នាក់ដឹកនាំទាំងអស់ ដើម្បីរកដំណោះស្រាយបញ្ហានេះ ឬអាចឆ្លងដល់អន្តរក្រសួងបន្ថែមទៀតផង ប្រសិនបើមានភាពចាំបាច់នោះ។ នាយកដ្ឋានស្រាវជ្រាវបច្ចេកទេសវប្បធម៌មានឯកសារតម្កល់គ្រប់គ្រាន់ទាក់ទងទៅនឹងល្ខោនខោលរបស់ខ្មែរ។ ប៉ុន្តែភាពយឺតយ៉ាវដាក់សំណើទៅអង្គការយូណេស្កូ ក៏ដោយសារកម្ពុជា កំពុងដំណើរការដាក់បញ្ចូលប្រាសាទសម្បូរព្រៃគុហ៍ ក៏ដូចជាប្រាសាទនានាជាច្រើនទៀត រួមទាំងភ្លេងអារក្ស និងចាប៉ីដងវែងជាដើម។

លោក ថៃ នរៈសត្យា បានបញ្ជាក់ថា ”ក្រសួងធ្វើជាអាទិភាពចំពោះរបស់ណាដែលប្រឈមទៅនឹងការបាត់បង់ច្រើនជាងគេ ចំពោះល្ខោនខោល កំពុងតែមាននិរន្តរភាព។ ប៉ុន្តែបើថៃ គេដាក់អញ្ចឹង ក្រសួងយើងត្រូវការពារបេតិកភណ្ឌយើងដែរ ហើយក្រសួងមិនបានប្រងើយកន្តើយនោះទេ

ក្រឡេកមកមើលតារាសម្តែងឯណេះវិញ អ្នកនាង ចន ចាន់លក្ខិណា ឯណោះវិញ បានប្រតិកម្មថា ទាល់តែគេយកល្ខោនខោលទៅបាត់ទើបសុំគេវិញឫ?។

ចំពោះល្ខោនខោល បើតាមព្រះរាជបន្ទូលរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលបានកត់ត្រាទុកក្នុងវចនានុក្រមខ្មែរ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត ឆ្នាំ១៩៦៧ ត្រង់ទំព័រ១០២ថា ខោល គឺជាពួកល្ខោនប្រុស រឿងរាមកេរ្ដិ៍ រីឯលោក ហ្សក សឺដេសវិញ ល្ខោនខោល គឺជាល្ខោននៃរបាំស្វា។ ចំណែអ្នកឧញ៉ា ទេពពិទូរ ក្រសេគន្ថបណ្ឌិតវិញ នៅក្នុងទស្សនាវដ្ដីកម្ពុជសុរិយាលេខ៣ ខែមីនា ឆ្នាំ១៩៤៨ លោកបានពោលថា ចំណែកល្ខោនខោលនោះ គេកំណត់លេង ចំពោះតែរឿងដែលទាក់ទាមដោយរឿងព្រះជាម្ចាស់ គឺអង្គព្រះឥសូរ ព្រះនារាយណ៍ ដែលជាព្រះក្នុងសេយ្យសាស្ដ្រ គឺលេងរឿងអវតារបែងភាគរបស់ព្រះជាម្ចាស់ដូចជារឿងរាមកេរ្ដិ៍ រាមាយណ៍ សឹងជាប្រវត្ដិរបស់ព្រះជាម្ចាស់នោះ ដើម្បីប្រកាសកិត្ដិគុណសេចក្ដីខ្លាំងពូកែ និងក្លាហានរបស់ព្រះជាម្ចាស់ និងអ្នកដែលព្រះជាម្ចាស់ បានបែងភាគឲ្យមកកើតដូចយ៉ាងព្រះរាមតាមក្បួនថា លេងរឿងដូច្នេះជាហេតុកើតមង្គលសួស្ដីដល់អ្នកលេង និងជាទីប្រោសប្រាណរបស់ព្រះជាម្ចាស់ ទើបគេនិយមលេងមកដល់សព្វថ្ងៃនេះ។

បើយើងពិនិត្យមើលតឹកតាងរូបចម្លាក់លើជញ្ជាំងប្រាសាទអង្គរ និងរូបភាពនៃល្ខោនខោល ដែលសេសសល់ដល់យើងសព្វថ្ងៃ ដូចជារូបមេទ័ពស្វា និងពលស្វា មេទ័ពយក្ស ឬចលនាច្បាំង គ្នារវាងទ័ពស្វា និងទ័ពយក្ស យើងសង្កេតឃើញថា មានលក្ខណៈដូចគ្នាតែទាំងអស់ដែលជាហេតុនាំឲ្យយើងសន្និដ្ឋានបានដឹងអំពីកាលបរិច្ឆេទកំណើតនៃទម្រង់ល្ខោនខោល ឬល្ខោនប្រុសៗនេះ។

ចំណុចពិសេសមួយទៀតនោះ គឺត្រូវបានគេរកឃើញតាមរយៈសិលាចារឹក K-៩៩ នាសតវត្សទី១០។ រ្មាំ ឬ រមាំ ភាណី ដែលអ្នករាំភាណី សុទ្ធតែជាសិល្បករប្រុសៗ និង ត្មោងភាណី គឺតន្ដ្រីករប្រគំគ្រឿងដំ សម្រាប់ល្ខោនភាណី ក៏សុទ្ធតែប្រុសៗដែរ។

ពាក្យភាណី នេះជាភាសាសំស្ក្រឹត និងបាលី មកពីពាក្យថា ភាណៈ។ បើតាមវចនានុក្រមខ្មែរ ត្រង់ទំព័រ៨១៨នោះ បានអធិប្បាយថា ភាណៈ ន(បា) ដំណើរពោលការនិយាយប្រាប់ការសូត្រ។ ចំពោះល្ខោនភាណី ឬល្ខោនខោលនេះ នៅក្នុងសៀវភៅ Music and Dance in Ancient Cambodian as evidenced by old Khmer Epigraphy លោកស្រី ពៅ សាវរស់ បានធ្វើការសិក្សា និងពន្យល់យ៉ាងក្បោះក្បាយថា ពាក្យ ភាណី ដែលមានន័យដើមជាភាសាសំស្ក្រឹតថា ការសម្ដែងនាដកម្មលាយនឹងការពោល។ នៅក្នុងសិលាចារឹកលេខគ-២៧០ គេឃើញមានពាក្យ ខឹម ធ្មួន អ្នកលេងភ្លេង។ ដូច្នេះវាត្រូវបានបង្ហាញដោយបុព្វបុរសរបស់យើងយ៉ាងពិតថា វាគឺជាប្រភេទនៃឧបករណ៍តន្ដ្រីមួយប្រភេទ ដែលស្ថិតនៅឆ្ងាយពីការចាប់អារម្មណ៍។

ដូច្នេះល្ខោនភាណី ឬល្ខោនខោល ដែលប្រជារាស្ដ្រខ្មែរទូទៅសព្វថ្ងៃនិយម ឬល្ខោនរាមកេរ្ដិ៍ ឬល្ខោន យក្សរាំ ត្រូវបានបុព្វបុរសដូនតាយើងកត់ត្រាទុកក្នុងសិលាចារឹកលេខK-៩៩ នាសតវត្សទី១០ និងក្នុងសិលាចារឹក លេខK-២៧០ នោះយើងមានជំនឿយ៉ាងមុតមាំថា ទម្រង់ល្ខោនភាណី ឬល្ខោនខោលនេះ ប្រាកដបានមានកំណើតនៅលើទឹកដី នៃមាតុភូមិកម្ពុជានេះ តាំងពីយូរអង្វែងមុនសតវត្សទី១០មកម៉្លេះ៕

photo_2016-06-03_14-44-26photo_2016-06-03_14-44-43photo_2016-06-03_14-44-22photo_2016-06-03_14-44-24photo_2016-06-03_14-44-30photo_2016-06-03_14-44-33photo_2016-06-03_14-44-35photo_2016-06-03_14-44-37photo_2016-06-03_14-44-39photo_2016-06-03_14-44-48photo_2016-06-03_15-01-24photo_2016-06-03_15-01-26

មតិយោបល់