ភ្នំពេញៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា គិតមកដល់ម៉ោងនេះ ១០និង៤១នាទី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ អគ្គិភ័យមានការថមថយ ប៉ុន្តែមិនទាន់រលត់ទាំងស្រុងនៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ឡានទឹកចំនួន៤០គ្រឿង នៅជិតសាលាចិនទួនហ្វា សង្កាត់អូរឡាំពិក ខណ្ឌចំការមន ក្រុងភ្នំពេញ ។
ទីតាំងឃ្លាំង ស្តុក ខោអាវជជុះមួយកន្លែងនៅ ជាប់ សាលារៀនទួនហ្វា ត្រូវបានអគ្គិភ័យ ឆាបឆេះតាំងពីម៉ោងជាង១១យប់ រាលដាល់ឆេះអស់ ផ្ទះប្រមាណជា១២ ខ្នង នៅជាប់ៗគ្នា ប៉ុន្តែពុំបណ្តាលឲ្យមានមនុស្សណាម្នាក់ រងគ្រោះថ្នាក់ ដោយអគ្គិភ័យនោះទេ គិតរហូតមកដល់ព្រឹកថ្ងៃទី២ កក្កដានេះ ភ្លើងនៅមិនទាន់ រលត់ទាំងស្រុងនៅឡើយ ។
សមត្ថកិច្ចមូលរដ្ឋបានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី១ ខែកក្កដានេះ នៅចំណុចជាប់សាលារៀនទួនហ្វា ផ្លូវលេខ១៧៣ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ។ តែទោះបីជាយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីចំនួនទំហំ ខូចខាតនោះនៅឡើយទេ ដោយសារភ្លើងមិនទាន់រលត់។
តាមប្រភពព័ត៌មានបានឲ្យដឹងនៅវេលាម៉ោង១១ និង៣០នាទី យប់ថ្ងៃទី១ ខែកក្កដា មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋរកស៊ីស្តុក និងលក់ដូរអាវជជុះយ៉ាងសន្ធោសន្ធៅ នៅខាងក្រោយសាលាទួនហ្វា ក្នុងសង្កាត់អូឡាំពិក ហើយអណ្តាតភ្លើងបានឆាបឆេះរាលដាល់ដល់ផ្ទះក្បែខាងជាបន្តបន្ទាប់ បើទោះបីជាសមត្ថកិច្ចព្យាយាមអន្តរាគមន៍បាញ់ពន្លត់យ៉ាងណាក៏ដោយ ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ កម្លាំងមានសមត្ថកិច្ច និងជំនាញផ្នែកអន្តរាគមន៍ពន្លត់អគ្គិភ័យ មានការពិបាកក្នុងការជួយពន្លត់ជាខ្លាំង ព្រោះទីតាំងកើតហេតុ មានចន្លោះតូចចង្អៀត និង ផ្ទះកើតហេតុ វាងាយស្រួលក្នុងឆាបឆេះផងដែរ ទើបភ្លើងកាន់តែឆេះខ្លាំងឡើងៗ រហូតអស់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបែបនេះ។ ប៉ុន្តែក្នុងករណីអគ្គិភ័យនេះ ពុំមានអ្នករងរបួសអ្វីនោះឡើយ ។ ប៉ុន្តែតាមព័ត៌មានបឋម ផ្ទះចំនួន ៧ល្វែង ត្រូវឆេះទាំងស្រុង និងខូចខាត៥ល្វែង។
ពេលនេះកម្លាំងសមត្ថកិច្ច បានយកអេស្ការមកកាយ និងបន្តសកម្មភាពបាញ់ទឹកបន្ថែមឡានទឹកជាច្រើននៅតែបន្តបាញ់ពន្លត់ និងមកបន្តបន្ទាប់ពីគ្រប់អង្គភាពដើម្បីជួយគ្រប់គ្រងស្ថានភាពនេះ អោយបានឆាប់អគ្គិភ័យនៅក្នុងសង្កាត់អូឡាំពិក គិតមកត្រឹមម៉ោងនេះ ក្នុងការជួយពន្លត់ បានប្រើប្រាស់ឡានទឹកចំនួន៤០គ្រឿង ប្រើប្រាស់ទឹកអស់២០០ជើង ឥឡូវនៅតែបន្តពន្លត់នៅឡើយ៕




មតិយោបល់