ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

វ៉ាន់ នីឡា ប្រកាសចូលខ្លួនប្រគល់ញត្តិរសៀលនេះ

ភ្នំពេញ: នៅវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែមិថុនានេះ តារាសិល្ប:ក្នុងក្រុម «គ្រួសារតារាកម្ពុជា» និងតំណាងមួយក្រុមរបស់សមាគមអ្នកនាង ចន ច័ន្ទលក្ខិណា នឹងធ្វើការជួបជុំគ្នាប្រគល់ញត្តិថ្កោលទោស ចំពោះជនដែលបានបង្ហោះរូបអាក្រាតរបស់តារាចម្រៀង កញ្ញា វ៉ាន់ នីឡា នៅទីស្ដីការក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។ តាមគម្រោង លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ គឺជាអ្នកទទួល ដែលកញ្ញា វ៉ាន់ នីឡា ពីដំបូងបានអះអាងថា មិនហ៊ានចូលរួម ព្រោះខ្លាចភ្លាត់មាត់ឆ្លើយសំណួររបស់អ្នកកាសែតខុសពីនីតិវិធីសមត្ថកិច្ច ប៉ុន្តែពេលនេះ នាងក៏ប្រកាសចូលរួមផងដែរ។

លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានប្រកាសនៅលើក្រុម «គ្រួសារតារាកម្ពុជា» ថា ដោយសារតែលោកស្រី ភឿង សកុណា មានធុរ:មិនអាចទទួលស្វាគមន៍ក្រុមសិល្ប: ដែលទៅប្រគល់ញត្តិនៅវេលាម៉ោង៩ព្រឹក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ដែលបានប្រកាសឡើងបាន ទើបពេលវេលាក្នុងការជួបជុំប្រគល់ញត្តិ ត្រូវប្ដូរទៅម៉ោង២រសៀល ក្នុងថ្ងៃដដែលវិញ។ លោកថា នេះជាលើកទី១ ដែលតារាសិល្ប: បានទទួលកិត្តិយសក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់របស់ក្រសួងវប្បធម៌ បន្ទាប់ពីញត្តិដែលមានមេដៃយ៉ាងច្រើនដ៏កម្រជួយអ្នកសិល្ប: ត្រូវបានធ្វើឡើង។ លោកបន្ថែមថា មកទល់ពេលនេះ ចំនួនមេដៃមានជាង៣០០ស្នាមមេដៃហើយ ដោយមិនទាន់រាប់បញ្ចូលមេដៃរបស់តារាសិល្ប: ដែលនាងបង្ហាញខ្លួននៅថ្ងៃប្រគល់ញត្តិនេះឡើយទេ។

ជាមួយគ្នានេះ កញ្ញា វ៉ាន់ នីឡា ក៏បានប្រកាសប្រាប់ថា នាងសម្រេចចិត្តចូលរួមនៅក្នុងពិធីនោះ បើទោះជាត្រូវប្រឈមមុខដោយការសម្ភាសន៍ពីក្រុមអ្នកកាសែត ដែលគ្រោងបង្ហាញខ្លួននៅក្នុងពិធីនេះក៏ដោយ។ នាងបានបង្ហាញទឹកចិត្តត្រេកអរ បន្ទាប់ពីផ្លូវច្បាប់ដែលបានជ្រោមជ្រែងដោយលោក ឡុង ហេង អនាគតស្វាមីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏កាន់តែរលូន ហើយញត្តិថ្កោលទោសជនអនាមិក និងគាំទ្រចំពោះចំណាត់ការផ្លូវច្បាប់របស់សមត្ថកិច្ច ក៏កាន់តែជួយបន្ថែមទម្ងន់មួយកម្រិតទៀត។

លោក រដ្ឋ តារា ស្ថាបនិកក្រុម «គ្រួសារតារាកម្ពុជា» និងជាអ្នកផ្ដើមឲ្យមានញត្តិនេះឡើង បានអះអាងថា ញត្តិដែលបានធ្វើឡើង គឺគាំទ្រចំណាត់ការផ្លូវច្បាប់របស់សមត្ថកិច្ច និងថ្កោលទោសជនអនាមិក ដែលបានបង្ហោះរូបស្រាតរបស់ វ៉ាន់ នីឡា ដែលបានធ្វើឲ្យប៉ះពាល់ដល់តម្លៃសង្គម និងវប្បធម៌។ លោកថា ញត្តិនេះ ផ្ដើមចេញពីការពិភាក្សាពីសំណាក់តារាសិល្ប:ក្នុងក្រុម «គ្រួសារតារាកម្ពុជា» ដែលបានបង្កើតឡើងក្នុងបំណងចងក្រងតារាសិល្ប:ឲ្យមានទំនាក់ទំនងគ្នា ដោយមិនប្រកាន់បក្ខពួក។ ក្នុងនោះ លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ និងសមាគមរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានចូលរួមគាំទ្រលើញត្តិនមួយនេះ ដើម្បីឲ្យកាន់តែមានសំឡេងរួមក្នុងការលើកទឹកចិត្តដល់ វ៉ាន់ នីឡា។

ស្ថាបនិករូបនេះ បញ្ជាក់ផងដែរថា «គ្រួសារតារាកម្ពុជា» មិនមែនជាសមាគម ហើយក៏គ្មានគម្រោងបង្កើតជាមូលនិធិ ឬជាអង្គការដែរ តែក្រុមនេះ នឹងក្លាយជាក្រុមជួយឲ្យតារាសិល្បះនៅកម្ពុជា បានទាក់ទងគ្នាក្នុងនាមអ្នកសិល្ប: និងសិល្ប:។ លោកថា ក្នុងក្រុម«គ្រួសារតារាកម្ពុជា» ស្វាគមន៍រួមមានតារាសិល្ប:ប្រមាណជិត២០០នាក់ ដោយតារាទាំងនោះ ភាគច្រើនជាថ្នាក់ដឹកនាំ និងសមាជិករបស់សមាគមសិល្ប:ករខ្មែរ របស់សមាគមអ្នកនាង ចន ច័ន្ទលក្ខិណា និងតារាសិល្ប: ដែលមិនមែនជាសមាជិករបស់សមាគមទាំងពីរតែម្ដង៕

មតិយោបល់