ព្រៃវែងៈ ពលរដ្ឋទាំង៤ឃុំបានសាទរ ចំពោះអាជ្ញាធរដែលបានជួសជុលផ្លូវតាមមាត់ទន្លេតូច នាស្រុកពារាំង និងពោធិរៀង ខេត្តព្រៃវែង គឺបន្ទាប់ពីមានការរអ៊ូរទាំ ពីប្រជាពលរដ្ឋ ខណៈ ខែប្រាំងដីហុយទ្រលោម ចំណែកខែវស្សាវិញបែកភក ដូចថ្លុកក្របីដេក ជាហេតុធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ឬដឹកផលដំណាំផ្សេងៗរបស់ពួកគាត់ជាពិសេសនោះ គឺ កម្មករ កម្មការនីរោងចក្រតែម្ដង ខណៈពួកគាត់ជិះរថយន្តដឹកកម្មករទៅធ្វើការប្រចាំថ្ងៃហើយពេលមេឃភ្លៀងម្ដងៗឡានជាប់ភករណេតរណូត ទៅធ្វើការមិនទាន់ពេលវេលា ថ្ងៃ ខ្លះពេលត្រឡប់មកពីរោងចក្រវិញទម្រាំដល់ផ្ទះ ម៉ោង១០យប់ក៏មានដែរ។
ឆ្លើយតបនឹងបញ្ហានេះ លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានឲ្យដឹងថា ផ្លូវនេះ គឺចាប់ផ្ដើមធ្វើហើយ គឺបន្តពីឃុំកំពង់ពពិលទៅព្រែកតាសរ ខណៈកាលមុននោះ ផ្លូវពីសរប្រចាន់ មកកំពង់ពពិលនេះ បានធ្វើរួចហើយ ដែលមានចម្ងាយជាង២០គីឡូម៉ែត្រ ដោយក្រាលគ្រួសក្រហម តែឥឡូវនេះ គឺធ្វើបន្ត ពីកំពង់ពពិលទៅ ដល់ព្រែកក្រូចឃុំព្រែកតាសរ ស្រុកពោធិរៀង ដែលមានចម្ងាយជាង២៧គីឡូម៉ែត្រទៀត ដោយក្រាលគ្រួសក្រហមដូចគ្នា។
ប្រភពពីលោក នួន ចំរ៉ុង ប្រធានមន្ទីរសាធារណការខេត្តព្រៃវែង បានឲ្យដឹងកាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ថា ដោយឃើញភាពលំបាកក្នុងការធ្វើដំណើរលើផ្លូវនោះ ទើបលោក ឆ្លងយោបលក្រសួង ដើម្បីដាក់កំលាំងគ្រឿងចក្រចុះធ្វើជាបន្ទាន់ ឯការចំណាយក្នុងការជួសជុលផ្លូវនោះ គឺពុំទាន់ទទួលបានទេ តែគ្រឿងចក្រដាក់ឲ្យធ្វើហើយ។ ខណៈនេះ គឺគ្រឿងចក្រកំពង់ធ្វើនិង ជួសជុលផ្លូវនោះហើយ តាមមាត់ទន្លេរតូចដែលមានចំនួន៤ឃុំ គឺឃុំមេសរប្រចាន់ កំពង់ពពិល កំពង់ប្រាំង និងឃុំព្រែកតាសរ ដែលមានចំនួន២ស្រុក គឺស្រុកពារាំង និងស្រុកពោធិរៀង ខេត្តព្រៃវែង ធ្វើឲ្យពលរដ្ឋមានសង្ឃឹមវិញហើយ ខណៈគ្រឿងចក្រចាប់ចុះធ្វើការជាបណ្ដើរៗ បន្ទាប់ពីមានការរិៈគន់យ៉ាងចាស់ដៃពីសំណាក់ពលរដ្ឋក្នុងមូលដ្ឋានដែលពួកគាត់ទៅធ្វើការមិនទាន់ម៉ោង ដោយសារថយន្តជាប់ ជាពិសេស គឺកម្មការីរោងចក្រតែម្ដង ថ្ងៃខ្លះថៅកែរោងចក្រកាត់លុយដោយសារឡានដឹកកម្មករជាប់ភកក៏មាន។
លោក អ៊ុច សយ មេឃុំកំពង់ពពិលបានឲ្យដឹងកាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះថា គេចុះធ្វើហើយ ផ្លូវនេះ ឯគ្រឿងចក្រ ជាគ្រឿងរបស់សាធារណការខេត្តព្រៃវែង ហើយការដ្ឋាននេះ គឺឈូសសម្អាតរួចបានក្រាលគ្រួសក្រហម ពីកំពង់ពពិលទៅ ព្រែកតាសរ លុះដល់ខែតុលា ខាងមុខនេះហ្នឹងធ្វើផ្លូវក្រាលកៅស៊ូ ពីកំពង់ពពិលទៅឃុំមេសរប្រចាន់ មួយកំណាត់សិន ដល់ឆ្នាំ២០១៧ ទើបធ្វើផ្លូវក្រាលកៅស៊ូពីកំពង់ពពិលទៅ ព្រែកតាសរ ដើម្បីបង្ហើយ៕
មតិយោបល់