ព័ត៌មានជាតិ

រថយន្តដឹកស្រាបៀរអង្គរ បើកបុកម៉ូតូ១គ្រឿង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ព្រះសីហនុ: នៅវេលាម៉ោងជាង ៧ព្រឹកថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកស្រាបៀរអង្គរ បុកជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។

សមត្ថកិច្ច ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កដឹកស្រាបៀរអង្គរ ពាក់ស្លាកលេខ ភ្នំពេញ 3C-1268 ធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ បើកបរដោយឈ្មោះ តឹក ដារិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិបឹងត្រាវ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរឈ្មោះ អ៊ុត រដ្ឋ ភេទប្រុស អាយុ ២៣ឆ្នាំ មានអាសយ័ដ្ឋាន អូរ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

មកដល់ចំណុចខាងលើ បានបុកពីក្រោយម៉ូតូ ០១គ្រឿងម៉ាក HONDA-WAVE ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលមានទិសដៅស្របគ្នា បើកបរដោយឈ្មោះ ស៊ីម ទូច ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាងរថយន្ត និងម៉ូតូ មករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើករថយន្ត ត្រូវបានឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តតាមនិតិវិធី៕

មតិយោបល់