ភ្នំពេញៈ តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក ស៊ី ហ្សូអាបេ បានអញ្ជើញលោក ហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំវ័យក្មេងទៅធ្វើទស្សនកិច្ចផ្លូវការ។ នេះបើតាមការផ្សាយឲ្យដឹងនៅក្នុងហ្វេសប៊ុកសម្ដេចតេជោ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។
ទំព័រហ្វេសប៊ុកសម្ដេច បានឲ្យដឹងថា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ ដោយផ្តោតសំខាន់លើទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន។ ក្នុងនោះ សម្ដេចបញ្ជាក់ថា នៅខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ ប្រទេសជប៉ុន នឹងធ្វើការហោះហើរត្រង់មកកម្ពុជា ស្របពេលដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ បានកើនឡើងដល់ជាង ១០០០ លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៥កន្លងទៅ និងបន្តកើនឡើងជាមួយការវិនិយោគ និងទេសចរណ៍កំពុងមានកំណើន។
សម្ដេចក៏បញ្ជាក់ថា “ខ្ញុំក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន អាបេ លើកិច្ចសហការជួយគ្នាក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ នាយករដ្ឋមន្ត្រីជប៉ុនតាមរយៈខ្ញុំ ក៏បានអញ្ជើញ ហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំវ័យក្មេងទៅទស្សនៈកិច្ចនៅជប៉ុន។ ក្នុងនាមជាឳពុក ខ្ញុំបានថ្លែងអំណរគុណគាត់ដែលមានមនោសញ្ចេតនារាប់អានដល់កូនប្រុសរបស់ខ្ញុំ”៕
មតិយោបល់