ព័ត៌មានជាតិ

ចោរឆក់ដែលដួលម៉ូតូបោកក្បាលនោះ បានដាច់ខ្យល់ស្លាប់ហើយ

ភ្នំពេញៈ មុខសញ្ញាចោរប្លន់ប្រដាប់អាវុធ និងជំនាញខាងឆក់ ដែលកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌបង្រ្កាបបានពេលបើកម៉ូតូរត់ពេលធ្វើសកម្មភាពឆក់ជនបរទេសហើយ បណ្តាលឲ្យដួលបោកក្បាលរបួសធ្ងន់នោះ ឥឡូវជនសង្ស័យរូបនោះបានដាច់ខ្យល់ស្លាប់ហើយកាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយពីសមត្ថកិច្ចបញ្ជូនមកសង្រ្គោះបាន២យប់ប៉ុណ្ណោះ។

កងរាជអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា សង្ស័យម្នាក់ដែលបង្រ្កាបបានហើយស្លាប់នោះឈ្មោះ លី សុវណ្ណភិរម្យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាចោរប្លន់ប្រដាប់អាវុធ និងជំនាញខាងឆក់ ដែលនៅសេសសល់ពីសមត្ថកិច្ចបង្រ្កាប និងមានដីការតាមចាប់ខ្លួនទៀតផងស្នាក់នៅផ្ទះលេខ២៣៥ ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងដកហូតម៉ូតូ០១គ្រឿងម៉ាកC១២៥ ពណ៌ខ្មៅគ្មានស្លាកលេខ។

សមត្ថកិច្ចបញ្ជាក់ទៀតថា នៅវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ចំណុចផ្លូវ១៨៤ កែងនរោត្តម សង្កាត់ផ្សារថ្មី៣ មានករណីឆក់ទូរស័ព្ទជនបរទេសមួយកើតឡើង បង្កដោយជនសង្ស័យមានគ្នា០៣នាក់ ជិះម៉ូតូ០៣គ្រឿង (C១២៥ ពណ៌ខ្មៅ២០១៦ ចំនួន០២គ្រឿងគ្មានស្លាកលេខ និងស៊ុយស៊ូគីនិច ពណ៌ស០១គ្រឿងមិនចាំស្លាកលេខ)។

ចំណែកជនរងគ្រោះឈ្មោះ JASON.A ភេទប្រុស ជនជាតិហូរឡង់ មុខរបរទេសចរ ស្នាក់នៅសណ្ឋាគារ OK.TROTIC ផ្លូវ១៩ សង្កាត់ជ័យជំនះខណ្ឌដូនពេញបាត់បង់ទូរស័ព្ទ IPHON ៥S ចំនួន០១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានពីហេតុការណ៍ឆក់ជនបរទេសនោះរួចហើយកម្លាំង អ.ហ ដូនពេញបានសហការជាមួយ អ.ហ ខណ្ឌ៧មករានិង អ.ហ ខណ្ឌទួលគោកបានដេញប្រផាប់ចាប់ប្រផីងធ្វើឲ្យជនសង្ស័យឈ្មោះ លី សុវណ្ណភិរម្យ ភេទប្រុស អាយុ២៥ឆ្នាំបណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ រួចកម្លាំងអាវុធហត្ថបានបញ្ជូនជនសង្ស័យរូបនោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយពេទ្យបានប្រាប់ថា ជននោះសង្ឃឹមរស់តិចណាស់ ព្រោះដួលប៉ះក្បាលធ្ងន់ធ្ងរលុះដល់យប់ថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៦នេះ ជនសង្ស័យរូបនោះបានដាច់ខ្យល់ស្លាប់ រួចត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅវត្តសន្សំកុសលផងដែរ៕

មតិយោបល់