ព័ត៌មានជាតិ

ល្បីរឿងនៅកែបអ្នកលក់គ្រឿងសមុទ្រថ្លឹងមិនគ្រប់ ផ្អើលដល់លោកស្នងការខេត្ត ចុះជួបជាមួយអាជីវករនៅផ្សារក្តាម បើនៅតែមិនស្តាប់ឈប់ឲ្យលក់!!

កែបៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកែប បានឲ្យដឹងថា ក្រោយពីមានការប្តឹងតវ៉ាពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អំពីបញ្ហាការប្រកបអាជីកម្មលក់ដូររបស់អាជីវករនៅផ្សារក្តាម ដោយថ្លឹងរបស់លក់មិនប្រក្រតី(បន្លំភ្នែកជញ្ជីង)។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប លោកស្នងការរង និងមន្ត្រីនគរបាលពាក់ព័ន្ធ បានចុះជួបដើម្បីត្រួតពិនិត្យ និងណែនាំដល់អាជីវករតំបន់ទេសចរណ៍ខាងលើ ដោយបានផ្សព្វផ្សាយណែនាំ រាល់ការលក់ដូរនិងផលិតផលមិនត្រូវឲ្យមានការបន្លំទៅលើអ្នកទិញ ក៏ដូចជាភ្ញៀវទេសចរណ៍នោះទេ ជាពិសេសបន្លំភ្នែកជញ្ជីង និងត្រូវដាក់បង្ហាញតម្លៃ នៃផលិតផល និងសេវាកម្មរបស់ខ្លួន បន្ថែមពីនេះលោកស្នងការ ក៏មានវិធានការអប់រំលើកទី១-២ បើនៅតែប្រព្រឹត្តិមិនគោរពតាម និងសម្រេចសុំគោលការណ៍ពីថ្នាក់លើដើម្បីបិទរបរអាជីវកម្មនេះទាំងស្រុងតែម្តង។

ដោយឡែកលោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត ក៏បានណែនាំដល់កំលាំងនគរបាលប៉ុស្តិ៍ប្រចាំការនៅតំបន់ឆ្នេរនិងផ្សារក្តាម ឲ្យបន្តពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពនៅគ្រប់គោលដៅ និងជម្រុញឲ្យមានការបង្កើតបណ្តាញសន្តិសុខស្ម័គ្រចិត្ត នៅតាមមូលដ្ឋានតាមរយះការចូលរួមពីប្រជាពលរដ្ឋ ប្រតិបត្តិករទេសចរណ៍ និងអាជីវករផងដែរ ដើម្បីឲ្យមានសន្តិសុខ សុវត្ថិភាពល្អ ជាការទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកសម្រាកកម្សាន្តកាន់ច្រើនឡើងបន្តទៀត៕

មតិយោបល់