ភ្នំពេញៈ ក្រុមគ្រួសារ និងអ្នកគាំទ្រលោក កែម ឡី ចាប់ផ្ដើមដង្ហែសពលោកចេញពីវត្តពោធិយារាម ហៅវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ទៅបញ្ចុះនៅខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះ។
បើតាមអ្នកចូលរួម បានអះអាងថា ទិដ្ឋភាពនៃក្បួនដង្ហែសពលោកបណ្ឌិត នៅព្រឹកនេះ គេសង្កេតឃើញមានមនុស្សប្រមាណជាង២ពាន់នាក់ ចាប់ផ្ដើមដង្ហែសពលោកចេញពីវត្តចាស់ ដោយប្រើរថយន្ត និងម៉ូតូ ចេញដំណើរតាមផ្លូវជាតិលេខ៦អា និងផ្លូវកែវចិន្តា ឆ្លងកាត់ស្ពានជ្រោយចង្វារ រួចបន្តដំណើរតាមមហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅរង្វង់មូលចោមចៅ និងបន្តដំណើរតាមផ្លូវជាតិលេខ៣ ដោយមិនមានការដង្ហែសពតាមថ្មើរជើងឡើយ។ យ៉ាងណាមិញ គេសង្កេតឃើញថា មានអ្នកគាំទ្រ និងគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី ឈរត្រៀបត្រាយ៉ាងច្រើនកុះករ តាមដងផ្លូវរង់ចាំជូនដំណើរលោកជាលើកចុងក្រោយទៅស្រុកកំណើត។
ដោយឡែក នៅថ្ងៃដង្ហែសពនេះដែរ អាជ្ញាធរមានសមត្ថកិច្ចបានរៀបចំដាក់កម្លាំងប្រមាណជាង២ពាន់នាក់ផងដែរ ដើម្បីអន្តរាគមន៍ជួយសម្រួលទាំងចរាចរណ៍ និងសន្តិសុខចំពោះអ្នកចូលរួម។
បើតាមគម្រោង ពិធីបញ្ចុះសពរបស់លោកបណ្ឌិត កែម ឡី អ្នកវិភាគផ្នែកនយោបាយ និងសង្គមរូបនេះ នឹងធ្វើឡើងនៅភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ជាស្រុកកំណើតរបស់លោក៕
មតិយោបល់