ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធី ថ្លែងឲ្យដឹងថា ក្រសួងព័ត៌មាន បានបង្កើតក្រុមការងារអចិន្រ្តៃយ៍ចំនួន៣ក្រុម សម្រាប់ទទួលនូវសំណូមពរ ឬសំណើរបស់ប្រជាពលរដ្ឋ មកលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក គ្រាដែលបណ្តាញព័ត៌មានមួយចំនួន ពាក់ព័ន្ធការផ្សព្វផ្សាយនូវរូបភាពឃាតកម្មដែលមានលក្ខណៈសាហាវឃោរឃៅ ឬរូបភាពដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបុគ្គល និងអារម្មណ៍ភ័យខ្លាចរបស់ប្រជាជន ប្រាសចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយពិធីប្រគល់វិញ្ញាប័នបត្រដល់មន្រ្តីព័ត៌មានកម្ពុជា ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញសរសេរកម្មវិធី និងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ នៅថ្ងៃទី២៦ ខែកក្កដានេះ លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា «ក្រុមការងារអចិន្ត្រៃយ៍នេះ រួមមាន ក្រុមការងារទទួលការរិះគន់លើទូរទស្សន៍ ក្រុមការងារទទួលការរិះគន់លើវិទ្យុ និងក្រុមការងារទទួលការរិះគន់លើកាសែត»។
លោករដ្ឋមន្រ្តី បន្តថា ក្រុមការងារអចិន្រ្តៃយ៍នេះ នឹងរាយការណ៍ក្នុងមួយខែម្តង ដល់ស្ថាប័នកំពូលរបស់រដ្ឋរួមមាន ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីឲ្យស្ថាប័នទាំងនេះ បានដឹងថាតើប្រជាពលរដ្ឋបានដឹងពីសារព័ត៌មានក្នុងកម្រិតណា។
លោកបញ្ជាក់ថា ប្រជាពលរដ្ឋដែលចង់រិះគន់លើបណ្តាញផ្សព្វផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ វិទ្យុ និងកាសែត ឬពិធីករទូរទស្សន៍ និងវិទ្យុ អាចសរសេរលិខិតមកដាក់នៅក្រសួងដោយផ្ទាល់ ឬផ្ញើតាមប្រព័ន្ធ WhatsApp ដែលក្រុមការងារនឹងបង្កើតឡើងនៅពេលដែលក្រុមការងារអចិន្រ្តៃយ៍នេះ ត្រូវបានបង្កើតឡើងជាផ្លូវការ។
លោកបន្តទៀតថា ក្រសួងនឹងហៅម្ចាស់ស្ថានីយទូរទស្សន៍ វិទ្យុ និងកាសែត រួមនឹងពិធីករទូរទស្សន៍ និងវិទ្យុមកធ្វើការណែនាំ ប្រសិនបើក្រសួងទទួលមតិរិះគន់ចំពោះបណ្តាញផ្សព្វផ្សាយទាំងនោះ ដើម្បីធានាថា រាល់ការផ្សព្វផ្សាយ គឺបានបំពេញតាមវិជ្ជាជីវៈត្រឹមត្រូវ៕
មតិយោបល់