ភ្នំពេញៈបុគ្គលិកនៃភោជនីយ៍ដ្ឋានចិនយីហោ ស៊ាវស៊ាវ បានសម្រេចចិត្តចូលធ្វើការវិញហើយ កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ក្រោយពីមានការឯកភាពគ្នារវាងម្ចាស់ហាង និងបុគ្គលិកទាំងអស់ ដោយយល់ព្រមតាមច្បាប់ការងារចំនួន៣ចំណុច បន្ទាប់ពីពួកគាត់បានលើបដាតវ៉ា មិនព្រមចូលធ្វើការងារ ព្រោះតែថៅកែហាងមិនឲ្យឈប់សម្រាក នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។
គួរបញ្ជាក់ថាបុគ្គលិកកម្មករបានធ្វើការតវ៉ា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦នៅចំណុចហាងម្ហូបចិនយីហោ ស៊ាវស៊ាវ ទីតាំងលេខ២៨៤ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ បន្ទាប់ពីថៅកែចិនមិនព្រមយកធ្វើការងារវិញក្រោយពីពួកគាត់បានសម្រេចឈប់សំរាកថ្ងៃបុណ្យចូលឆ្នាំព្រពៃណីខ្មែរព្រោះតែថៅកែមិនព្រមឲ្យពួកគាត់សំរាកក្នុងថ្ងៃបុណ្យចូលឆ្នាំ។
ការតវ៉ារបស់បុគ្គលិកហាងម្ហូបចិន ស៊ាវស៊ាវ ចំនួន១៣នាក់ នាពេលនោះដឹកនាំដោយលោក អ៊ូ ទេពផល្លីន អនុប្រធានប្រតិបត្តិសហព័ន្ធសហជីបកម្មករចំនីអាហារនិងសេវាកម្មកម្ពុជា ដោយមានលើកបដា ៨ផ្ទាំង ទាមទារលក្ខណៈការងារ៤ចំណុច ទី១ទាមទារឈប់សម្រាបថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ (១៣.១៤.១៥.១៦) ខែមេសា ទី២ទាមទារឲ្យម្ចាស់ហាង យកពួកគាត់ចូលបម្រើការងារវិញ ទី៣ទាមទារឲ្យថៅកែហាង បើកប្រាប់ខែឲ្យគ្រប់ចំនួន និងទី៤បើបញ្ចប់ពួកគាត់ត្រូវទូរទាត់ប្រាក់ខែរំលឹកផ្សេងៗតាមច្បាប់ការងារ ។
អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា វិធានការណ៍ដោះស្រាយរវាងភាគីទាំង២ (កម្មករនិងថៅកែហាង) បានឯកភាពគ្នាចំនួន៣ចំណុច ដោយម្ចាស់ភោជនីយ៍ដ្ឋានយល់ព្រមយកបុគ្គលិកទាំងអស់ចំនួន១៣ ក្នុងនោះស្រី៨នាក់ឲ្យចូលធ្វើការងារវិញហើយ ដោយឯកភាពលើលក្ខខណ្ឌ៣ចំណុចទី១ យល់ព្រមបើកប្រាក់ឈ្មួលឲ្យបុគ្គលិកយ៉ាងយូរត្រឹមថ្ងៃទី៨ជារៀងរាល់ដើមខែ ដោយឡែកប្រាក់បៀវវត្តន៍ប្រចាំខែមិនា និងត្រូវបើកឲ្យនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះតែម្តង ទី២ យល់ព្រមឲ្យឈប់សម្រាកចំនួន២ថ្ងៃក្នុងមួយខែ ទី៣យល់ព្រមឲ្យចូលបម្រើការងារវិញជាធម្មតា៕
មតិយោបល់