ជប៉ុន: អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន បាននិយាយនៅថ្ងៃទី៧ សីហានេះ ថា រដ្ឋាភិបាលទីក្រុងតូក្យូបានតវ៉ាចំពោះរដ្ឋាភិបាលទីក្រុងប៉េកាំង បន្ទាប់ពីជប៉ុន បានរកឃើញថា ចិនបានតំឡើងឧបករណ៍រុករករ៉ែក្បែរនៅតំបន់សមុទ្រចិនខាងកើត ដែលមានជម្លោះរវាងប្រទេសទាំងពីរ។
យោងតាម Channel News Asia របស់សិង្ហបុរី ដោយដកស្រង់នូវប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន ថា រដ្ឋាភិបាលជប៉ុនបារម្ភចំពោះការបំពាក់ប្រព័ន្ធរ៉ាដា ដែលបំពាក់នៅលើនាវាប្រេងរបស់ចិនមិនមែនប្រើប្រាស់សម្រាប់ដំណើរការអភិវឌ្ឍន៍វិស័យឧស្ម័ននោះទេ ប៉ុន្តែជប៉ុនគិតថា វាគឺជាសញ្ញាដែលថា ចិនមានបំណងចង់ប្រើប្រាស់ប្រព័ន្ធរ៉ាដានេះ សម្រាប់ជាស្ថានីយ៍យោធានៅក្នុងតំបន់សមុទ្រមានជម្លោះ។
ប្រភពដដែលបន្តថា រដ្ឋាភិបាលជប៉ុន បានរកឃើញនូវប្រព័ន្ធរ៉ាដានេះ កាលពីខែមិថុនា ឆ្នាំ២០១៦មុននេះ ហើយនឹងបានធ្វើការតវ៉ាកាលពីថ្ងៃសុក្រ ទី៥ សីហា តាមរយៈស្ថានទូតចិនប្រចាំប្រទេសជប៉ុន ដោយជំរុញឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ធ្វើការពន្យល់ចំពោះបញ្ហានេះ៕
មតិយោបល់