ភ្នំពេញៈ មន្រ្តីអាវុធហត្ថរាជធានីភ្នំពេញម្នាក់បានប្រាប់ថា នៅរសៀលថ្ងៃទី១៥ សីហានេះ ជនសង្ស័យ៣នាក់ ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់មនុស្ស នឹងត្រូវបញ្ជូនទៅកាន់តុលាការ ក្រោយពីសមត្ថកិច្ចបញ្ចប់ការសាកសួរ។
ដោយថ្លែងសូមមិនបញ្ចេញឈ្មោះ មន្រ្តីអាវុធហត្ថបានបន្តថា ជនសង្ស័យ៣នាក់ នឹងត្រូវបញ្ជូនទៅកាន់តុលាការរសៀលនេះ ក្នុងចំណោមនោះ មានម្នាក់ជាប្អូនប្រុសបង្កើត ខៀវ សុខារ៉ាវី ។ ប៉ុន្តែសមត្ថកិច្ចមិនបានអះអាងថា ប្អូនប្រុស ខៀវ សុខារ៉ាវី ជាជនដៃដល់នោះទេ ដោយបញ្ជាក់ថា មានការពាក់ព័ន្ធ។
មន្រ្តីដដែលបានឲ្យដឹងទៀតថា ក្រោយពីមានទំនាស់កើតឡើងបន្តិច ជនសង្ស័យ ក៏ឈានទៅដល់ការបាញ់សម្លាប់ជនរងគ្រោះដែលជាប្អូនជីដូនមួយ ខៀវ សុខារ៉ាវី តារាសម្ដែង។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនបានបង្ហាញអត្តសញ្ញាណជនសង្ស័យទាំង៣នាក់នោះទេ ប៉ុន្តែគេដឹងថា ក្នុងចំណោមនោះមានជនសង្ស័យម្នាក់ជាប្អូនប្រុស ខៀវ សុខារ៉ាវី ឈ្មោះ ខៀវ ថនវណ្ឌឌី អាយុ២៦ឆ្នាំ ស្លាក់នៅទីតាំងកន្លែងកើហេតុ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកឧត្តមសេនីយ៍ អេង ហ៊ី បានប្រាប់ Post News នៅមុននេះបន្តិចថា លោកមិនទាន់ទទួលបានរបាយការណ៍ពីអាវុធហត្ថក្រុងភ្នំពេញនៅឡើយទេ។
សូមបញ្ជាក់ថា ជនរងគ្រោះដែលត្រូវជាប្អូនជីដូនមួយរបស់តារាសម្តែង ខៀវ សុខារ៉ាវី ត្រូវខ្មាន់កាំភ្លើងបាញ់ចំនួន២គ្រាប់ មួយកន្លែងចំខ្លួនផ្នែកខាងស្តាំ ដោយបៀមគ្រាប់ និងមួយកន្លែងទៀត ត្រូវចំជើងធ្លាយពីម្ខាងទៅម្ខាង រួមនឹងក្បាល ដែលជនសង្ស័យវាយបន្ថែមនិងដំបង។ នេះបើយោងតាមការធ្វើកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ។
បើតាមសមត្ថកិច្ចហេតុការណ៍បាញ់សម្លាប់មនុស្សនេះ បានកើតឡើងកាលវេលាម៉ោងប្រហែល៩យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅនៅចំណុចផ្ទះលេខ១៦៥E0 ផ្លូវលេខ១ ក្រុមទី៣៦ ភូមិ១ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះត្រូវបានគេប្រាប់ថា ឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនអចលនទ្រព្យចតុមុខ ហើយជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យព្រះកេតុមាលា ក្រោយបញ្ជូនទៅសង្គ្រោះបានបន្តិច៕
មតិយោបល់