ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កូនស្រីទើបពេញក្រមុំ! បាត់ពីផ្ទះ៤ថ្ងៃ ទៅនៅជាមួយណព្វចិត្ត ឪពុកម្ដាយចាប់ដាក់ឡាន ផ្អើលចាប់ជំរិតដល់សមត្ថកិច្ច១២ខណ្ឌ

ភ្នំពេញ: ព្រោះតែក្ដីបារម្ភឪពុកម្តាយ បានខិតខំតាមរកកូនស្រីអាយុ១៤ឆ្នាំម្នាក់ ដែលបានចេញពីផ្ទះអស់៤-៥ថ្ងៃនោះ បែរជារកឃើញកំពុងដេកជាមួយកំពូលស្នេហ៍សំណព្វចិត្តវ័យ១៧ឆ្នាំ ក្នុងផ្ទះសំណាក់។ ដំបូងឡើយ ហេតុការណ៍ចាប់កូនស្រីញាត់បញ្ចូលរថយន្តនោះ គេស្មានថា ជាករណីចាប់ជំរិត ប្រជាពលរដ្ឋក៏ប្ដឹងសមត្ថកិច្ចផ្អើលឆោរឡោអស់ទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ តែតាមការពិត គឺចាប់កូនស្រីនាំទៅផ្ទះវិញសោះ។

ហេតុការណ៍ឪពុកម្ដាយតាមរកឃើញកូនស្រីវ័យក្មេង ជាមួយប្រុសកំពូលស្នេហ៍ខាងលើ បានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ បានកើតឡើងនៅវេលាម៉ោង៩៖៣០នាទី យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្សារទួលពង្រ ស្ថិតក្នុងសង្កាត់ចោម ខណ្ឌពោធិ៍សែនជ័យ។

លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ វរសេនីយ៍ យឹម សារ៉ាន់ ប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានថា មានករណីចាប់មនុស្សដាក់ចូលរថយន្តភ្លាម លោកក៏បានបញ្ជាឲ្យកម្លាំងរបស់ខ្លួនចេញស្កាត់គ្រប់ច្រកល្ហក តែក្រោយការសួរនាំ ទើបដឹងថា ករណីនេះ មិនមែនជាករណីចាប់ជំរិតអ្វីនោះទេ ពោល គឺគ្រាន់តែឪពុកម្តាយមកនាំកូនទៅផ្ទះវិញ បន្ទាប់ពីកូនរបស់ពួកគេបានចេញពីផ្ទះអស់៤ថ្ងៃប៉ុណ្ណោះ។

ស្ត្រីជាម្តាយបានរៀបរាប់ថា គាត់បានបាត់កូនស្រីឈ្មោះ គ.ច.ន អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់វិទ្យាល័យ ដែលបាត់ចេញពីផ្ទះ៤ទៅ៥ថ្ងៃហើយ និងបានដាក់ពាក្យបណ្តឹងទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដែរ តែរកមិនឃើញ។ ដោយក្ដីបារម្ភ និងស្រឡាញ់ គាត់ និងស្វាមីបានបន្តតាមរកកូនស្រីគ្រប់កន្លែងមិនថា យប់ ឬថ្ងៃឡើយ។

ស្ត្រីជាម្ដាយបន្តទាំងទឹកភ្នែកថា លុះមកដល់វេលាខាងលើ ក៏បានប្រទះឃើញកូនស្រីកំពុងនៅជាមួយយុវជនម្នាក់ ឈ្មោះ ជា ភក្តី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ត្រង់ចំណុចខាងលើ ក៏ចាប់កូនស្រីដាក់រថយន្តក្នុងបំណងនាំទៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីដកពាក្យបណ្តឹងវិញ។ ដោយឡែក យុវជនជាសង្សារនោះ ត្រូវនគរបាលចាប់វាយខ្នោះផងដែរ ដើម្បីយកទៅសួរនាំ។

បច្ចុប្បន្នក្មេងស្រីដែលបាត់ចេញពីផ្ទះ ត្រូវឪពុកម្ដាយនាំទៅវិញ ដោយឡែកតែសង្សារបណ្ដូលចិត្តរបស់នាង ត្រូវនគរបាលឃាត់ខ្លួន ដើម្បីធ្វើការសាកសួរបណ្ដោះអាសន្ន តាមនីតិវិធី នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។ ករណីនេះដែរ ក្មេងស្រីទាំងឡាយមិនគួរយកតម្រាប់តាមនោះឡើយ ហើយគួរស្ដាប់ឪពុកម្ដាយជាជាងសង្សារសំណព្វចិត្ត ដែលតែងតែហុតទឹកសម្លឹងកាតលើខ្លួនគ្រប់ពេល៕

កូនតាមប្រុសស្នេហ៍៤-៥ថ្ងៃ ឪម៉ែតាមទាន់_01

កូនតាមប្រុសស្នេហ៍៤-៥ថ្ងៃ ឪម៉ែតាមទាន់_02

កូនតាមប្រុសស្នេហ៍៤-៥ថ្ងៃ ឪម៉ែតាមទាន់_03

កូនតាមប្រុសស្នេហ៍៤-៥ថ្ងៃ ឪម៉ែតាមទាន់_04

កូនតាមប្រុសស្នេហ៍៤-៥ថ្ងៃ ឪម៉ែតាមទាន់_05

កូនតាមប្រុសស្នេហ៍៤-៥ថ្ងៃ ឪម៉ែតាមទាន់_06

មតិយោបល់