ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន រីករាយស្វាគមន៍ ក្រុមហ៊ុនអាណាអ៊ែឡាញ ANA AIR

ភ្នំពេញៈ នៅរសៀលថ្ងៃទី ២ ខែកញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកស្រីYuko Obuchi ដែលជាសមាជិកសភាជប៉ុន និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-ជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

យោងតាមផេកហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងនៅល្ងាចថ្ងៃសុក្រ ទី០២កញ្ញានេះថា លោកស្រី Yuko Obuchi បានគោរពជម្រាបជូន សម្តេចតេជោ អំពីការហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាណាអ៊ែឡាញ (ANA AIRLINE) មកកាន់ប្រទេសកម្ពុជាដែលមានរយៈពេលហោះហើរ ៦ ម៉ោង។ លោកស្រី បានថ្លែងអំណរគុណដល់ សម្តេចតេជោ ដែលបានគាំទ្រ និងប្រឹងប្រែងជំរុញឲ្យមានការហោះហើរត្រង់ពីណារីតាមកកាន់ទីក្រុងភ្នំពេញដោយផ្ទាល់(Direct Flight)។

ការហោះហើរត្រង់នេះ បានធ្វើឲ្យវិនិយោគិនជប៉ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសជាមួយសក្តានុពលរបស់កម្ពុជា ដោយសារតែភូមិសាស្ត្ររបស់ប្រទេសកម្ពុជាស្ថិតនៅចំចំនុចកណ្តាលនៃបណ្តាប្រទេសអាស៊ាន ហើយម្យ៉ាងទៀតកម្ពុជាមានស្ថេរភាពសេដ្ឋកិច្ចល្អ និងមានកម្លាំងពលករច្រើនដែលជាកត្តាទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាកាន់តែច្រើនឡើងៗ។ លោកស្រី Yuko Obuchi បានស្នើ សម្តេចតេជោ បន្តជួយគាំទ្រក្រុមហ៊ុន ANA ដើម្បីឲ្យមានដំណើរការកាន់តែល្អប្រសើរឡើង។ ទោះបី ក្នុងដំណាក់ការដំបូង ក្រុមហ៊ុននៅមិនទាន់បានទទួលប្រាក់ចំណេញ តែក្រុមហ៊ុនចង់ចូលរួមពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរឲ្យកាន់តែល្អដើម្បីជំរុញការកសាងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកស្រី Yuko Obuchi និងគណៈប្រតិភូ ជាពិសេសរដ្ឋាភិបាលជប៉ុន ដែលបានជួយជំរុញឲ្យមានការហោះហើរត្រង់ពីជប៉ុនមកកាន់កម្ពុជា។ សម្តេចតេជោ ធ្លាប់បានជួបពិភាក្សាជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុន កេស៊ូ អូប៊ូឈិ (Keizō Obuchi) ដែលត្រូវជាឳពុករបស់លោកស្រីកាលពីឆ្នាំ ២០០០ ដើម្បីស្នើសុំឲ្យមានការហោះហើរត្រង់មកកាន់កម្ពុជា។ សម្តេចតេជោ មានក្តីសប្បាយរីករាយណាស់ដែលកិច្ចពិភាក្សាជាង១៦ ឆ្នាំកន្លងមកនេះបានលេចចេញជារូបរាងឡើងពិតប្រាកដនៅថ្ងៃនេះ។ នៅក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ក៏បានអញ្ជើញលោកស្រីភរិយាលោក Keizō Obuchi ដែលត្រូវជាម្តាយរបស់លោកស្រី មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងនាមជាភ្ញៀវរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់នាពេលខាងមុខ។

តាមរយៈការហោះហើរត្រង់នេះ នឹងធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឈានដល់កម្រិតថ្មីមួយទៀត នោះគឺតាមរយៈការតភ្ជាប់បន្ថែមទៅលើទំនាក់ទំនងដែលមានស្រាប់ ហើយនេះគឺជាការតភ្ជាប់ប្រកបដោយគុណភាពមួយតាមផ្លូវអាកាស ដែលកម្ពុជាបានចាប់ផ្តើមជាមួយ មិត្តជប៉ុន។ សម្តេចតេជោ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករកម្ពុជានឹងជ្រើសរើសការធ្វើដំណើរតាមអាកាសចរណ៍ជប៉ុន ANA AIR នៅពេលធ្វើដំណើរនាពេលខាងមុខនេះ៕

photo_2016-09-02_20-32-27photo_2016-09-02_20-32-31photo_2016-09-02_20-32-33photo_2016-09-02_20-32-36photo_2016-09-02_20-32-40

មតិយោបល់