អូស្ត្រាលី: ក្រុមហ៊ុនផលិតនាវារបស់ប្រទេសបារាំង DCNS បានឈ្នះកិច្ចព្រមព្រៀង លើកិច្ចសន្យាដែលមានរង្វង់ទឹកប្រាក់ ៤០ពាន់លានដុល្លារអាមេរិក ជាមួយនឹងប្រទេសអូស្ត្រាលី ក្នុងការកសាងនាវាមុជទឹកជំនាន់ថ្មីហើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦។
ក្រុមហ៊ុន DCNS និងរដ្ឋាភិបាលអូស្ត្រាលី បានពិភាក្សា និងចរចាគ្នាជាច្រើនខែមកហើយ មុននឹងសម្រេចចេញជាកិច្ចព្រមព្រៀងខាងលើនេះ។ នាវាមុជទឹកជាច្រើនគ្រឿង ដែលអូស្ត្រាលី ត្រូវការឲ្យក្រុមហ៊ុនបារាំងផលិតនោះ គឺជាប្រភេទថ្មីដែលទំនើបនឹងប្រសើរជាងមុនឆ្ងាយណាស់។
គួរបញ្ជាក់ថានាវាមុជទឹកទាំង ១២គ្រឿងខាងលើនេះ នឹងត្រូវកសាងនៅរោងចក្រក្នុង តំបន់ភាគខាងត្បូងរបស់ប្រទេសអូស្ត្រាលី ដើម្បីយកមកជំនួសនាវាមុជទឹកជំនាន់មុន Collins Class ដែលជិតចូលនិវត្តន៍។ នាយករដ្ឋមន្ត្រីអូស្ត្រាលីបានថ្លែងថា នាវានេះនឹងត្រូវដាក់ឲ្យ ដំណើរនៅក្នុងដែនទឹករបស់អូស្ត្រាលី នៅពេលវាត្រូវបានគេផលិតរួចរាល់ ព្រមទាំងអាច បំពេញប្រតិបត្តិការរហូតដល់ឆ្នាំ ២០៦០៕
មតិយោបល់