ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្តេចតេជោ៖ យើងខិតខំកែប្រែតំបន់អតីតសង្គ្រាម ទៅជាតំបន់ព្រំដែនសន្តិភាព និងអភិវឌ្ឍន៍

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថារដ្ឋាភិបាល បានខិតខំប្រឹងប្រែងកែប្រែ អតីតតំបន់ព្រំដែន ដែលពោរពេញដោយសង្គ្រាម ឱ្យទៅជាព្រំដែន សន្តិភាព និងការអភិវឌ្ឍន៍ លើគ្រប់ហេដ្ឋារចនាសម្ព័ននានា។

សម្តេចតេជោ បានមានប្រសាសន៍ទៀតថា ផ្លូវលេខ៥៦ និងផ្លូវចូលទៅប្រាសាទបន្ទាយឆ្មារ ចង់ភ្ជាប់ពីខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរមានជ័យ ប្រវែងជាង១២៤គីឡូម៉ែត្រ ជាសមិទ្ធិផលមួយទៀតយើងខិតខំ កើតឡើងនៅលើទឹកដី អតីតសមរភូមិសង្គ្រាម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និងបាត់ដំបង សុទ្ធសឹងជាអតីតទឹកដីសមរភូមិសង្គ្រាម ត្រូវបានរាជរដ្ឋាភិបាលកសាង ហេដ្ឋារចនាសម្ព័ន្ធ ចេញពីភ្នក់ភ្លើងសង្គ្រាម ហើយសម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលបានកសាង និងខិតខំកែប្រែតំបន់ព្រំដែននេះ ទៅជាតំបន់ព្រំដែនសន្តិភាព។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងរំលឹកដល់សម័យសង្គ្រាមថា ការបន្សល់ទុកនូវគ្រាប់មីនមិនទាន់ផ្ទុះ នៅតំបន់ផ្លូវលេខ៥៦នេះ មិនមែនជាកំហុសរបស់យុវជនជំនាន់ក្រោយនោះទេ ជាកំហុសរបស់របបសម័យមុន។

ការថ្លែងរបស់សម្តេចខាងលើនេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ផ្លូវលេខ៥៦ និងផ្លូវចូលទៅប្រាសាទបន្ទាយឆ្មារ ចង់ភ្ជាប់ពីខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរមានជ័យប្រវែងជាង១២៤គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦៕

photo_2016-04-25_20-37-23photo_2016-04-25_20-49-23 photo_2016-04-25_20-49-28photo_2016-04-25_21-19-50 photo_2016-04-25_21-19-52

 

មតិយោបល់