ភ្នំពេញ: ក្នុងបទសម្ភាសន៍ជាមួយ Post News កាលពីថ្ងៃបូជាលោកគង្គ ប៊ុនឈឿន លោកមុត ថារី ជាកូនប្រសារបានអះអាងថា បើទោះជាខាងអាជ្ញាធរខេត្តបាត់ដំបង មានបំណងសាងសង់ចេតិយ៍ ឬទីតម្កល់ធាតុឲ្យឪពុកក្មេកនៅក្នុងខេត្តនោះ ក៏គ្រួសាររបស់លោក សុំត្រឹមតែមានរូបសំណាក់ នៅម្ដុំស្ទឹងសង្កែរតែប៉ុណ្ណោះ។
ប៉ុន្តែនៅមុននេះបន្តិចលោកបែរជាបានប្រាប់ថា គ្រួសារទាំងមូលបានឯកភាព ចង់យកធាតុរបស់លោក គង្គ ប៊ុនឈឿន ទៅតម្កល់នៅខេត្តបាត់ដំបងវិញ ដោយមានគម្រោងចង់បានដី មួយកន្លែងក្នុងវត្តពោធិវាល។
តំណាងគ្រួសាររបស់លោកគង្គ ប៊ុនឈឿន រូបនេះបញ្ជាក់ថា ក្រោយពីបូជាសពលោកគង្គ ប៊ុនឈឿន នៅក្នុងប្រទេសន័រវេសគ្រួសារទាំងមូល ក៏បានប្ដូរជំហរបែបនេះ ដើម្បីជំនួសឲ្យគម្រោងដែលចង់ដាក់ធាតុ នៅវត្តត្រពាំងកិន ក្នុងខេត្តកំពង់ស្ពឺ។
លោកថាគ្រួសាររបស់លោកនឹងទៅជជែក ជាមួយព្រះចៅអធិការវត្តពោធិវាល ក្នុងខេត្តបាត់ដំបង ពាក់ព័ន្ធនឹងការស្នើសុំដីនោះ ហើយប្រសិនបើមិនមានការឯកភាព លោកនឹងអាចធ្វើសំណើរ ឲ្យមានអន្តរាគមន៍ពីអភិបាលខេត្តបាត់ដំបង។
លោកនិយាយថា «ពីមុនយើងថាយើងមានកន្លែងតម្កល់ធាតុ គាត់នៅកំពង់ស្ពឺហើយ ទើបចង់បានត្រឹមតែរូបសំណាក់អីមួយឲ្យគាត់នៅបាត់ដំបងប៉ុណ្ណោះ ប៉ុន្តែឥឡូវម្ដាយក្មេកខ្ញុំគាត់ថាគាត់ចង់បានទីតម្កល់ធាតុនៅបាត់ដំបងវិញ ទើបខ្ញុំនឹងទៅទាក់ទងសុំជាវដី លោកនៅវត្តពោធវាល កន្លែងដែលឪពុកក្មេកខ្ញុំ គាត់មានអនុស្សាវរីយ៍កាលគាត់នៅរស់ ហើយបើយើងនៅតែអត់មានលទ្ធផល ទើបយើងនឹងយកធាតុគាត់ទៅតម្កល់នៅកំពង់ស្ពឺ!»។
ពាក់ព័ន្ធនឹងធាតុរបស់លោក គង្គ ប៊ុនឈឿន លោកថានឹងត្រូវបញ្ជូនមកកាន់កម្ពុជា មិនហួសពីថ្ងៃទី២០ ក្នុងខែឧសភានោះទេ ហើយក៏មិនមានគម្រោងយកទៅតម្កល់ នៅកន្លែងណាក្រៅពីផ្ទះរបស់ខ្លួន ស្ថិតនៅបុរីវិមានភ្នំពេញនោះដែរ។
លោកនិយាយថា «អ្នកខ្លះចេះតែថាគួរតែយកធាតុគាត់ទៅនេះយកទៅនោះ ប៉ុន្តែពួកគាត់ប្រហែលជាភ្លេចថា ឪពុកក្មេកខ្ញុំគាត់មានកូនស្រីម្នាក់រស់នៅភ្នំពេញហើយ អញ្ចឹងពេលធាតុគាត់មកដល់ គឺពួកខ្ញុំនឹងយកទៅតម្កល់នៅផ្ទះខ្ញុំ (បុរីវិមានភ្នំពេញ) ហើយនឹងធ្វើបុណ្យ១០០ថ្ងៃនៅទីនោះ និយាយរួមគឺលុះត្រាតែដឹងច្បាស់ថា ត្រូវយកធាតុគាត់ទៅតម្កល់នៅណា ទើបយើងយកទៅតម្កល់តែម្ដង ដោយអាចធ្វើបុណ្យឆ្លងកន្លែងគាត់ឲ្យធំម្ដងទៀត!»។
លោកថាមិនទាន់ដឹងថាគម្រោងចង់បានដីមួយកន្លែង ក្នុងវត្តពោធិវាលនៅខេត្តបាត់ដំបង តើនឹងមានលទ្ធផលកម្រិតណានៅឡើយទេ ដោយសារមិនទាន់បានធ្វើទំនាក់ទំនង ទៅកាន់គណគ្រប់គ្រងក្នុងទីអារ៉ាមនោះនៅឡើយ។ យ៉ាងណាក៏ដោយ លោកជឿជាក់ថាបំណងប្រាថ្នារបស់ខ្លួន គឺមិនពិបាកជោគជ័យនោះទេ ដោយសារតែមុននេះបន្តិចលោក ចាន់ សុផល អភិបាលខេត្តបាត់ដំបង ក៏បានបង្ហាញតម្រុយពីគម្រោង នឹងជួយឲ្យមានទីតម្កល់ធាតុរបស់លោកគង្គ ប៊ុនឈឿន នៅក្នុងខេត្តនោះដូចគ្នា៕
មតិយោបល់