ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋាភិបាលចិន និងធនាគារនីរហ័ណ-អាហរ័ណចិន នឹងបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងថ្មីជាច្រើនទៀត

ភ្នំពេញ: នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Jiang Juhua នាយកគ្រប់គ្រងឥណទានសម្បទាន នៃធនាគារនីរហ័ណ-អាហរ័ណចិន បានមានប្រសាសន៍នៅក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងធនាគារនីរហ័ណ-អាហរ័ណចិន ផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ហើយនឹងបន្តផ្តល់ហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងថ្មីជាច្រើនទៀត។ ភាគីចិនយកចិត្តទុកដាក់ ជាពិសេសផងដែរដល់គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ, គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ និងគម្រោងក្នុងវិស័យអគ្គិសនី។

នាឱកាសដែលលោក Jiang Juhua ដឹកនាំគណៈប្រតិភូបំពេញបេសកកម្មនៅកម្ពុជា ដើម្បីពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តគម្រោងមួយចំនួន និងបេក្ខភាពគម្រោង ដែលមានអាទិភាពខ្ពស់ស្ថិតក្នុងក្របខ័ណ្ឌឥណទាន ពីសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបេសកកម្មប្រកបដោយអត្ថន័យរបស់លោក Jinag Juhua នាយកគ្រប់គ្រងឥណទានសម្បទាន នៃធនាគារនីរហ័ណ-អាហរ័ណចិន ខណៈដែលបច្ចុប្បន្នប្រទេសចិន គឺជាដៃគូអភិវឌ្ឍន៍មួយ ដែលបានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនដល់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ហិរញ្ញប្បទានពីប្រទេសចិន ទាំងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន បានរួមចំណែកយ៉ាងធំធេង ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា រួមមាន ផ្លូវ, ស្ពាន, កំពង់ផែ, ប្រព័ន្ធធារាសាស្ត្រ, អគ្គិសនី និងទូរគមនាគមន៍ ដែលបានគ្របដណ្តប់នៅស្ទើរតែពាសពេញផ្ទៃប្រទេស។ ធនាគារនីរហ័ណ-អាហរ័ណចិន គឺជាដៃគូដ៏ល្អប្រពៃ និងជាទីទុកចិត្តជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដោយបានសហការគ្នាជាប់ជាប្រចាំ និងនៅគ្រប់កម្រិតក្នុងការរៀបចំ និងអនុវត្តគម្រោង៕

photo_2016-04-25_21-08-15

មតិយោបល់