ភ្នំពេញ:ក្រុមចោរប្លន់ប្រដាប់ដោយដាវសាុំមូរៃគ្រប់ដៃ មានគ្នា៤នាក់និងជិះម៉ូតូ២គ្រឿង បានដេញកាប់ប្រហារមកលើបុរសម្នាក់ បណ្តាលឲ្យរងរបួស រួចប្លន់យកម៉ូតូ MSX មួយគ្រឿង ទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៩និង៣០នាទីយប់ថៃ្ងទី២៦ ខែមេសា ឆ្នាំ២០១៦ នៅចំណុចវត្តនាគគវន្ត័ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានដឹងថា មុនពេលកើតហេតុគេបានឃើញ យុវជនម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CZ-7538 បានជិះធ្វើដំណើរចេញពីរផ្ទះជួលនៅម្តុំស្តុបចំការមន ហើយមកជួបមិត្តភក្រ័ផឹកការហ្វេនៅម្តុំកាំកូស៊ីធី ឈ្មោះ ឆាតលីកា។ ហើយដោយពេលត្រលប់ទៅផ្ទះវិញរូបគេបានជិះធ្វើដំណើរតាមផ្លូវលេខ៦០៨ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានក្រុមចោរ៤នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយដាវសាុំមូរៃគ្រប់ដៃ បានដេញកាប់ប្លន់យុវជនរងគ្រោះ រហូតមកដល់ចំណុចក្នុងវត្តនាគគវន្ត័ ធ្វើឲ្យជនរងគ្រោះដូលម៉ូតូ ហើយក៏ត្រូវក្រុមចោរកាប់ប្រហារ ត្រូវមួយកាំបិតបណ្តាលឲ្យរបួសដៃម្ខាង ធ្ងន់ហូរឈាមស្រោចខ្លួន។ ហើយភ្លាមៗនោះជនសង្ស័យក្នុងចំណោមបក្ខពួកគេនោះ ក៏មកលើកម៉ូតូរបស់ជនរងគ្រោះជិះទៅបាត់ដោយសុវត្ថិភាពតែម្តង។
ចំពោះជនរងគ្រោះជាម្ចាស់ម៉ូតូ ដែលត្រូវចោរកាប់ប្លន់យកនោះមានឈ្មោះ ប៉ែ ឡេងហួត អាយុ២១ ឆ្នាំ មុខរបរធ្វើការឲ្យក្រុមហ៊ុន ស្នាក់ផ្ទះជួលនៅម្តុំស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ បន្ទាប់ពីកើតហេតុជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋម្តុំនោះជួយដឹកតាមម៉ូតូយកមកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។
ទោះជាយ៉ាងក្រោយកើតហេតុ គឺដូចជាក្នងរឿងចិនកាប់ចាក់អញ្ចឹង ពេលចប់បញ្ហា ទើបសមត្ថកិច្ចមកដល់កន្លែងកើត បានត្រឹមតែនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង និងសួរនាំតែប៉ុណ្ណោះ៕

ជនរងគ្រោះ




មតិយោបល់